មន្រ្តីស៊ើបអង្កេតខេត្តតាកែវ ចុះទៅសាកសួរព័ត៌មានលម្អិត និងយកសំណាកគំរូ«ស្រាថ្នាំ» បន្ទាប់ពីមានករណីសង្ស័យពុ.លស្រាថ្នាំ ក្នុងខេត្តតាកែវ
ខេត្តតាកែវ៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឱ្យដឹងថា នាព្រឹកថ្ងៃចន្ទ ១៥កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ បន្ទាប់ពីទទួលបានព័ត៌មានកាលពីល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ថាមានករណីពុលស្រាថ្នាំ មន្រ្តីស៊ើបអង្កេតនៃសាខា ក.ប.ប. ខេត្តតាកែវ សហកាជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្ម អធិការស្រុកទ្រាំង និងប៉ូលិសប៉ុស្តិ៍រដ្ឋបាលឃុំស្រង៉ែ បានចុះទៅសាកសួរព័ត៌មានលម្អិត និងយកសំណាកគំរូ (ស្រាថ្នាំ) ក្នុងករណីសង្ស័យពុលស្រាថ្នាំ ដែលស្ថិតនៅភូមិត្នោត ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ។

ករណីពុលស្រាស ស្រាថ្នាំ តែងតែកើតមានជាយថាហេតុ បើទោះបីជាមន្រ្តីជំនាញពាក់ព័ន្ធធ្វើការផ្សព្វផ្សាយ អប់រំ ណែនាំ ដល់បងប្អូនជាម្ចាស់សិប្បកម្មផលិតស្រាក្នុងខេត្ត និងអាជីវករលក់ស្រាស-ស្រាថ្នាំយ៉ាងណាក៏ដោយ។
កន្លងមក អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្ល «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានរៀបចំធ្វើសិក្ខាសាលាផ្សព្វផ្សាយស្ដីពីសុវត្ថិភាពម្ហូបអាហារ ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ និងគោលការណ៍ណែនាំមួយចំនួនពាក់ព័ន្ធនឹងការផលិតស្រាប្រកបដោយសុវត្ថិភាព នៅតាមបណ្ដាខេត្តគោលដៅចំនួន៦ រួមមាន៖ ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តតាកែវ និងខេត្តកំពត ដោយធ្វើការអញ្ជើញម្ចាស់សិប្បកម្មផលិតស្រាក្នុងខេត្ត និងអាជីវករលក់ស្រាស-ស្រាថ្នាំ ក្នុងខេត្តចូលរួមផងដែរ ៕









ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ