ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ត្រីជាន់ខ្ពស់ខេត្តកណ្តាល បញ្ជាឱ្យអាជ្ញាធរមូលដ្ឋាន ចាត់វិធានការបង្ក្រាប ចំពោះអាជីវកម្មល្បែងផ្សងសំណាង ដែលគ្មានអាជ្ញាបណ្ណ

    BY Khmernote Media August 20, 2024
    មន្ត្រីជាន់ខ្ពស់ខេត្តកណ្តាល បញ្ជាឱ្យអាជ្ញាធរមូលដ្ឋាន ចាត់វិធានការបង្ក្រាប ចំពោះអាជីវកម្មល្បែងផ្សងសំណាង ដែលគ្មានអាជ្ញាបណ្ណ

    ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្នុងឆមាសទី១នេះ នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល មាន៤ក្រុមហ៊ុនល្បែងស៊ីសង ដែលមានអាជ្ញាបណ្ណ។ បច្ចុប្បន្ននេះនៅតាមរោងកាហ្វេមួយចំនួន មានការលួចលេងល្បែងស៊ីសងខ្លះៗ ដូចជាល្បែងឡូតូ ជល់មាន់ អនឡាញជាដើម ក៏ប៉ុន្តែករណីនេះឲ្យតែកម្លាំងសមត្ថកិច្ចស្រាវជ្រាវដឹង រឺទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋគឺចុះ អនុវត្តបង្ក្រាបភ្លាមតែម្តង។​

    នៅក្នុងកិច្ចប្រជុំរៀបចំវិធានការបង្ក្រាបចំពោះអាជីវកម្មល្បែងផ្សងសំណាង ដែលគ្មានអាជ្ញាបណ្ណពីគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងល្បែងស៊ីសងគ្រប់ប្រភេទ កិច្ចប្រជុំនេះមានការចូលរួមពីអាជ្ញាធរក្រុង-ស្រុកទាំង១៣ កងកម្លាំងគ្រប់ប្រភេទ មន្ទីរអង្គភាពពាក់ព័ន្ធ និងមន្ត្រីរាជការជាច្រើនរូប នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ម្សិលមិញនេះ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បញ្ជាឱ្យអាជ្ញាធរមូលដ្ឋានទាំងអស់ អនុវត្តឱ្យបាននូវវិធានការបង្ក្រាបចំពោះអាជីវកម្មល្បែងផ្សងសំណាងដែលគ្មានអាជ្ញាបណ្ណពីគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងល្បែងស៊ីសងគ្រប់ប្រភេទក្នុងមូលដ្ឋានរបស់ខ្លួនឱ្យមានប្រសិទ្ធភាព។

    ជាមួយគ្នាននោះ ថ្នាក់ដឹកនាំខេត្តខាងលើ បានណែនាំឱ្យមន្ត្រីពាក់ព័ន្ធ កំណត់ដោះស្រាយនូវបញ្ហាប្រឈម និងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដែលបាននឹងកំពុងកើតមានឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន សំដៅផ្លាស់ប្តូរព័ត៌មាន និងសហការក្នុងការគ្រប់គ្រង តាមដានត្រួតពិនិត្យ និងចាត់វិធានការតាមសមត្ថកិច្ចរៀងៗខ្លួន លើការធ្វើអាជីវកម្មល្បែងស៊ីសងគ្រប់ប្រភេទ ក៏ដូចជាល្បែងផ្សងសំណាងគ្រប់ប្រភេទ និងលើកកម្ពស់ការយល់ដឹងឱ្យកាន់តែទូលំទូលាយនូវច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ពាក់ព័ន្ធនឹងការគ្រប់គ្រងអាជីវកម្មល្បែងផ្សងសំណាង ដើម្បីជំរុញអនុលោមភាព និងការទទួល ខុសត្រូវរបស់ប្រតិបត្តិករល្បែងផ្សងសំណាង និងចូលរួមកាត់បន្ថយផលប៉ះពាល់អវិជ្ជមានជាអតិបរមាពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។

    ក្នុងឱកាសនោះ ឯកឧត្តម ក៏បានថ្លែងអំណគុណ និងផ្ដាំផ្ញើ ដល់លោក លោកស្រី ទាំងអស់ត្រូវបន្តការយកចិត្តទុកដាក់បង្កើនការយល់ដឹងអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ព្រមទាំងចាត់វិធានការបង្ក្រាប និងទប់ស្កាត់រាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ឱ្យមានប្រសិទ្ធភាព ដើម្បីធានា ដល់ការលើកកម្ពស់ជីវភាពរស់នៅ ភាពសុខសាន្ត និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ និងជាការរួមចំណែកមួយដ៏ធំក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: