ត្រៀមអាវភ្លៀងទុក! កម្ពុជា នឹងរងឥទ្ធិពលព្យុះទី៩«ជុងដារី» ដែលធ្វើឱ្យមានភ្លៀងធ្លាក់ ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២២ ខែសីហា
- August 20, 2024
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤។

ក្រសួងធនធានទឹក បានឱ្យដឹងថា ព្យុះទី៩ឈ្មោះ ជុងដារី (Jongdari) ជាមួយខ្យល់មូសុងនិរតីដែលបក់លើសមុទ្រ Andaman បានកើនឥទ្ធិពល ខណៈសម្ពាធទាបគ្របដណ្ដប់លើឈូងសមុទ្រថៃ ភាគកណ្តាលនៃអាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤៖
១-តំបន់វាលទំនាប៖
-សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៥°C។ ខ្យល់បក់ មកពីទិសនិរតី និងអាគ្នេយ៍ មានល្បឿនមធ្យម ២,៣០ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី១៥%។
២-តំបន់ខ្ពង់រាប៖
-សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៤°C។ ខ្យល់បក់មកពីទិសនិរតី និងពាយ័ព្យ មានល្បឿនមធ្យម ៣,៥០ម៉ែត្រ/វិនាទី។ ខេត្តប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី១០%។
៣-តំបន់មាត់សមុទ្រ៖
-សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៤°C ។ ខ្យល់បក់ មកពីទិសនិរតី មានល្បឿនមធ្យម ២,៥០ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី១០%។
-រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ៕

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology
- Share This Post:






