ក្រសួងសុខាភិបាល ណែនាំឱ្យពង្រឹងវិធានការចត្តាឡីស័ក ដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជំងឺនៅតាមច្រកចេញចូលប្រទេស
- August 24, 2024
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ ក្រសួងសុខាភិបាល បានចេញសេចក្ដី ជូនដំណឹង ស្ដីពី ការពង្រឹងវិធានការចត្តាឡីស័ក ដើម្បីទប់ស្កាត់ និងឆ្លើយតបទៅនឹងការឆ្លងរាលដាលជំងឺនៅតាម ច្រកចេញចូលប្រទេស។

ក្រសួងសុខាភិបាល បានឱ្យដឹងថា បច្ចុប្បន្នមានការផ្ទុះឡើងនៃជំងឺអឹមផក (Mpox) ដែលអង្គការសុខភាពពិភពលោកបានប្រកាសជាគ្រោះអាសន្ន សុខភាពសាធារណៈគួរឱ្យព្រួយបារម្មណ៍ជាអន្តរជាតិ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។ ជាមួយគ្នានេះ ក៏មានការរីករាលដាលជំងឺផ្តាសាយបក្សី (H5N1) ដែលឆ្លងពីសត្វទៅមនុស្ស និងជំងឺអង់ត្រាក់ (Anthrax) ដែលមាននៅក្នុងតំបន់ និងប្រទេសជិតខាង។ យោងតាមប្រព័ន្ធតាមដាន និងត្រួតពិនិត្យជំងឺ របស់នាយកដ្ឋាន ប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល បានបង្ហាញថា រហូតមកដល់ពេលនេះ នៅប្រទេសកម្ពុជា មានជំងឺ ផ្តាសាយបក្សី (H5N1) ចំនួន ៧២ករណី (ស្លាប់ ៤៣ករណី) និងជំងឺអឹមផក (Mpox) ចំនួន ២០ករណី (គ្មានករណីស្លាប់)។
ក្នុងបរិការណ៍នេះ សូម ឯកឧត្តម លោកជំទាវ យកចិត្តទុកដាក់ក្នុងការតាមដាន និង ទប់ស្កាត់ជំងឺឆ្លងដែលអាចនាំចូលពីបណ្តាប្រទេសនានា ដោយពង្រឹងវិធានការចត្តាឡីស័ក ដើម្បីទប់ស្កាត់ និង ឆ្លើយតបការឆ្លងរាលដាលជំងឺនៅតាមច្រកចេញចូលប្រទេស ដើម្បីការពារសុខភាពជូនប្រជាជនកម្ពុជា ស្របតាមគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូម ឯកឧត្តម លោកជំទាវ ពង្រឹងការងារតាមដាន និងទប់ស្កាត់ ជំងឺឆ្លងនៅតាមច្រកចេញចូលប្រទេស ស្ថិតក្រោមដែនសមត្ថកិច្ចរបស់ខ្លួន ដោយរៀបចំចាត់ចែងមន្ត្រីចត្តាឡីស័ក ប្រចាំការនៅស្នាក់ការត្រួតពិនិត្យច្រកចេញចូលប្រទេសឱ្យស្របតាមវិធានការសុខាភិបាល លិខិតបទដ្ឋានគតិយុត្ត ច្បាប់ជាតិ និងបទបញ្ញត្តិអន្តរជាតិ ប្រកបដោយប្រសិទ្ធិភាព និងការទទួលខុសត្រូវខ្ពស់ ៕

- Share This Post:






