ក្រុមរថយន្ត Off- Road កម្ពុជា បញ្ចប់ដំណើររាប់ពាន់គីឡូម៉ែត្រ នៅខេត្តត្រីកោណអភិវឌ្ឍន៍
- August 26, 2024
ខេត្តស្ទឹងត្រែង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រុមរថយន្ត Off- Road កម្ពុជា បានចាប់ផ្តើមពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ ជាមួយរថយន្ត Off- Road ចំនួន៣០ គ្រឿងនិងសមាជិក១៥០នាក់ដឹកនាំ ដោយឯកឧត្តម ទៀ ស្យាម ប្រធានក្លឹបមហាគ្រួសាររថយន្ត Off-Road កម្ពុជា, ក្បួនរថយន្ត Off-Road មកពីគ្រប់ខេត្តបានធ្វើដំណើរទៅចូលរួមផ្សព្វផ្សាយពីសក្តានុពលធនធានធម្មជាតិខេត្តទាំងបួន គឺខេត្តក្រចេះ មណ្ឌលគីរី រតនៈគីរី និងខេត្តស្ទឹងត្រែង បានបញ្ចប់ នៅខេត្តស្ទឹងត្រែង ដែលខេត្តភូមិភាគឦសាន កាលពីល្ងាចថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤។

ឯកឧត្តម ទៀ ស្យាម មានប្រសាសន៍ពេលបិទបញ្ចប់ថា ក្រុមរថយន្ត Off-Road ខ្លះមិនបានធ្វើដំណើរពីភ្នំពេញជាមួយគ្នាមែន តែពួកគេបានចាំស្វាគមន៍ និងធ្វើដំណើរជាមួយយើងជុំវិញបួនខេត្ត បង្កើនភាពអ៊ូអរ ស្និទ្ធស្នាល មិត្តភាព សាមគ្គីភាព ជាមហាគ្រួសាររថយន្ត Off-Road ចូលរួមផ្សព្វផ្សាយពីតំបន់ទេសចរណ៍ធនធានធម្មជាតិ។ ឯកឧត្តមប្រធាន បន្តថា ដំណើរកម្សាន្តនេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ពីការរៀបចំខ្សែក្រវាត់ព្រំដែន និងបង្គោលព្រំដែនយ៉ាងជាក់លាក់ត្រឹមត្រូវ ដើម្បីឱ្យពួកយើងជាកូនចៅជំនាន់ក្រោយបានដឹង និងស្គាល់ច្បាស់ពីខ្សែបន្ទាត់ព្រំដែនដែលមានតាំងពីជំនាន់មុនៗមក។
ឯកឧត្តម ទៀ ស្យាម បានបង្ហាញពីការកត់សម្គាល់នូវភាពរីកចម្រើនទាំងខាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ សេដ្ឋកិច្ច សង្គម និងវប្បធម៌រស់នៅរបស់ប្រជាជននៃខេត្តនីមួយៗ ពិសេស គឺសក្តានុពលអេកូទេសចរណ៍ និងតំបន់ជាប់ព្រំដែនជាមួយប្រទេសវៀតណាម និងឡាវ។
សូមជម្រាបថា ខេត្តទាំងបួននៃដំណើរទៅដល់របស់ក្បួនរថយន្ត Off -Road កម្ពុជាគឺជាខេត្តដែលស្ថិតនៅក្នុងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA)។
តាមរយៈសេចក្តីថ្លែងការណ៍ពិសេសនារាត្រីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានលើកទឹកចិត្តប្រជាពលឱ្យទៅកម្សាន្ដនៅខេត្តទាំងបួន ។ពិសេសចាប់ពីខែកញ្ញាតទៅ នៅរៀងរាល់ចុងសប្ដាហ៍នឹងមានការរៀបចំដំណើរកម្សាន្តដោយឥតគិតថ្លៃរហូតដល់ចុងឆ្នាំ២០២៤ ដើម្បីមើលឃើញពីការអភិវឌ្ឍនៅតាមបណ្ដោយព្រំដែន៕






ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post:






