ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ជាបន្តបន្ទាប់ពាក់ព័ន្ធករណីប្រើមួកការពារវាយ និងធាក់យកម៉ូតូ នៅខណ្ឌពោធិ៍សែនជ័យ

BY
Khmernote Media
August 27, 2024

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការរាជធានីភ្នំពេញ បានឱ្យដឹងថា ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដោយមានការសម្របសម្រួលនីតិវិធីពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២៤ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ០៥នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីប្លន់យកម៉ូតូ (ប្រើមួកការពារវាយ និងធាក់ប្លន់យកម៉ូតូ) ប្រព្រឹត្តល្មើសនៅចំណុចផ្លូវកប់ស្រូវ ស្ថិតនៅ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ នៅវេលាម៉ោងប្រហែល ០៤ និង ៣០នាទី ទៀបភ្លឺ ថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២៤។

ក្នុងកិច្ចប្រតិបត្តិការណ៍នេះ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ចំនួន០៥នាក់មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ ផុន ភ័ក្រ្តា ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ បន្ទប់ជួលលេខ២៥១ ផ្លូវបេតុង ស្ថិតនៅ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល។
២-ឈ្មោ គង់ សាដូ ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ សង្កាត់តាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។
៣-ឈ្មោ មន បញ្ញា ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។
៤-ឈ្មោ ហួត ដាវី ហៅ វីត ភេទប្រុស ជនជាតិខ្មែរ មុខរបរ អ្នកដឹកជញ្ជូន មានទីលំនៅ ភូមិខ្វែ សង្កាត់ត្រពាំងក្រសាំង ខណ្ឌកំបូល។
៥-ឈ្មោះ តិច លីហួរ ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ បន្ទប់ជួលលេខ២៥៣ ផ្លូវផ្សាររំចេក ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល (ផ្តល់មធ្យោបាយ)។

វត្ថុតាងចាប់យកបាន៖ ម៉ូតូ ០៣គ្រឿង (ម៉ាក SUZUKI NEX ពណ៌សលាយខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 1IB-4233 (ជារបស់ជនរងគ្រោះ), ម៉ាក SUZUKI NEX ស៊េរីឆ្នាំ២០២៤ ពណ៌លឿងលាយស ពាក់ផ្លាកលេខ ភ្នំពេញ 1KX-2932 (មធ្យោបាយជិះប្រព្រឹត្តិបទល្មើស), ម៉ាក HONDA DREAM ស៊េរីឆ្នាំ២០២៤ ពណ៌ខ្មៅ គ្មានផ្លាកលេខ (មធ្យោបាយជិះប្រព្រឹត្តិបទល្មើស)។

សម្ភារបាត់បង់៖ ម៉ូតូ ០១គ្រឿង ម៉ាក SUZUKI NEX ពណ៌សលាយខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 1IB-4233។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កំពុងបន្តនីតិវិធី៕

ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

Share This Post: