រួសរាន់! ការទទួលពាក្យចុះឈ្មោះចូលរួមប្រកួតកម្មវិធី យុទ្ធគុនខ្មែរបុរាណ ពានរង្វាន់សម្តេចធិបតី ឆ្នាំ២០២៤ នឹងបិទបញ្ចប់ថ្ងៃទី៣០ ខែកញ្ញាខាងមុខនេះ
- August 27, 2024
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ការទទួលពាក្យចុះឈ្មោះចូលរួមប្រកួតកម្មវិធី យុទ្ធគុនខ្មែរបុរាណ ពានរង្វាន់សម្តេចធិបតី ឆ្នាំ២០២៤ នឹងបិទបញ្ចប់ថ្ងៃទី៣០ ខែកញ្ញា ខាងមុខនេះ។ សម្រាប់កីឡាករ កីឡាការិនី ដែលមានបំណងចង់ចូលរួមប្រកួត អាចមកដាក់ពាក្យចូលរួមនៅអគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។

សូមបញ្ជាក់ផងដែរថា ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្ដេចធិបតី លើកទី១ គ្រោងនឹងធ្វើឡើងនាថ្ងៃទី១៨-២០ ខែតុលា ឆ្នាំ២០២ ៤ដែលជាព្រឹត្តិការណ៍ថ្មី មួយលក្ខណៈបើកទូលាយ ក្នុងការគាស់កកាយ អ្នកលេងគុនខ្មែរ បុរាណគ្រប់ទិសទីទូទាំងប្រទេស បន្ទាប់ពីទទួលបានការគាំទ្រដ៏ខ្ពង់ខ្ពស់ពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
បើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានគូសបញ្ជាក់ថា «ការបើកការទទួលចុះឈ្មោះចូលរួមរបស់កីឡាករ កីឡាការិនីបានចាប់ផ្តើមពីពេលនេះតទៅហើយ ហើយការរៀបចំលើការប្រកួតនឹងផ្តោតសំខាន់លើការវិនិច្ឆ័យ ការប្រកួតឱ្យមានយុត្តិធម៌ ត្រឹមត្រូវ ស្របតាមគោលការណ៍ Fair Play និងក្រមសីលធម៌កីឡាច្បាស់លាស់។
ជាមួយគ្នានោះ សហព័ន្ធកីឡាប្រយុទ្ធចំនួន៤ មាន៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ សហព័ន្ធកីឡាយុទ្ធគុនចម្រុះ សហព័ន្ធកីឡាគុនល្បុក្កតោ និងសហព័ន្ធកីឡាយុទ្ធក្រមខម នឹងជាសហព័ន្ធគោលដែលនឹងរួមចំណែកព្រឹត្តិការណ៍នេះឱ្យកើតមានឡើង ប៉ុន្តែសម្រាប់លក្ខន្តិកៈនឹងត្រូវបានបញ្ជ្រាបក្នុងវគ្គបណ្ដុះបណ្ដាលដោយផ្ដោតលើគោលជារួម មិនមែនផ្ដោតតែលើលក្ខន្តិកៈសហព័ន្ធណាមួយទេ។
សម្រាប់កម្រិតការប្រកួតវិញ មានលក្ខណៈប្រយុទ្ធ និង សម្ដែង។ ក្នុងនោះ ប្រភេទប្រយុទ្ធមានអ្នកអាជីព និងស្ម័គ្រចិត្ត។ សម្រាប់ការប្រកួតសម្ដែងបើកចំហរអាយុពីចន្លោះ១៨ដល់ឆ្នាំដល់៦៥ឆ្នាំ។ ព្រឹត្តិការណ៍កីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ជាឱកាសដ៏សំខាន់ ដើម្បីលើកទឹកចិត្តដល់ចាស់ព្រឹទ្ធាចារ្យ បានរំឭកក្បាច់គុនខ្មែរឡើងវិញ ពិសេសក្បាច់គុនខ្មែរជាច្រើនទៀត ដែលមហាជនមិនបានដឹង។ គណៈកម្មការរៀបចំ ក៏បានលើកទឹកចិត្តដល់ចាស់ព្រឹទ្ធាចារ្យចូលរួមចុះឈ្មោះប្រកួតឱ្យបានច្រើន។
ទាក់ទងទៅនឹងការប្រកួតប្រភេទប្រយុទ្ធមានពីរប្រភេទ សម្រាប់កីឡាករ និងកីឡាការិនី។ ខណៈសម្ដែងវិញមាន ឯកត្តជន ដូចជា ថ្វាយបង្គំគ្រូ, មេគុនដៃ, មេគុនអាវុធឥតមុខ និងមានគុនអាវុធមានមុខ។ សម្ដែងជាក្រុម មានមេគុនដៃ (៣នាក់ ស្រី១នាក់), មេគុនអាវុធឥតមុខ (៣នាក់ ស្រី០១) និង មេគុនអាវុធមានមុខ (៣នាក់ ស្រី០១នាក់)។ សម្ដែងសមយុទ្ធ មានមេគុនដៃ (៥នាក់ ស្រី១នាក់) និងមេគុនអាវុធគ្រប់ប្រភេទ (៥នាក់ស្រី១នាក់)៕


ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post:






