ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចធិបតី បញ្ជាក់ថា ការរៀបចំបោះពុម្ពលិខិតថ្លែងអំណរគុណ និងផ្សព្វផ្សាយ មិនតម្រូវឲ្យមានការបង់ប្រាក់

    BY Khmernote Media August 28, 2024
    សម្តេចធិបតី បញ្ជាក់ថា ការរៀបចំបោះពុម្ពលិខិតថ្លែងអំណរគុណ និងផ្សព្វផ្សាយ មិនតម្រូវឲ្យមានការបង់ប្រាក់

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា ការធ្វើលិខិតថ្លែងអំណរគុណជូនសប្បុរសជន ដែលបានបរិច្ចាគដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ក្នុងការកសាងផ្លូវក្រវាត់ព្រំដែន គឺក្រុមការងារ បាននឹងកំពុងបំពេញភារកិច្ចយ៉ាងសកម្ម ហើយខិតខំធ្វើដោយយកចិត្តទុកដាក់ សហការខ្ពស់ជាមួយនឹងក្រុមការងារពាក់ព័ន្ធទាំងអស់ រួមនឹងធនាគារ ដើម្បីធ្វើឲ្យប្រាកដថាឈ្មោះត្រឹមត្រូវ​ និងតួលេខនៃការចូលរួមផងដែរ។

    សម្តេចធិបតី​ បានបន្តថា ក្រុមការងារទទួលបន្ទុករៀបចំបោះពុម្ពលិខិតថ្លែងអំណរគុណ និងផ្សព្វផ្សាយ គឺធ្វើដោយមិនតម្រូវឲ្យមានការបង់ប្រាក់ ឬជាថ្នូរនៃទឹកចិត្តណាមួយសម្រាប់ក្រុមការងារនោះឡើយ។

    ការបញ្ជាក់របស់សម្តេចធិបតី បានធ្វើឡើង បន្ទាប់ពីមានមានជនឆ្លៀតឱកាសបានប្រើប្រាស់រូបភាពកេងចំណេញ ដោយយកលិខិតថ្លែងអំណរគុណរបស់សម្តេចធិបតី បានផ្សព្វផ្សាយចេញជាបន្តបន្ទាប់ ទៅផ្ញើជូនដោយសម្ងាត់ទៅបងប្អូន​ អ៊ំពូមីង តាយាយមួយចំនួន ដោយស្នើសុំជាទឹកចិត្តមួយចំនួនសម្រាប់ផ្តល់ជូនក្រុមការងារ ដោយបញ្ជាក់ថា ខ្លួនជាក្រុមការងាររៀបចំលិខិតថ្លែងអំណរគុណ។

    ប្រសិនបើមានការប្រព្រឹត្តិដូចករណីខាងលើ សម្តេចធិបតី សូមឱ្យរាយការណ៍មកជាបន្ទាន់តាមរយៈផេក និង Telegram Channel ផ្លូវការរបស់សម្តេចធិបតី ដើម្បីឲ្យសមត្ថកិច្ចចាត់វិធានការយ៉ាងតឹងរឹងចំពោះជននោះ។

    ដោយឡែកនារសៀលនេះផងដែរ ខុទ្ទកាល័យសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានអំពាវនាវដល់សប្បុរសជនទាំងអស់ មេត្តាមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ ចំពោះការស្កេន QR Code ឬគណនីធនាគារ សម្រាប់បរិច្ចាគថវិកាដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ក្នុងការកសាងផ្លូវក្រវាត់ព្រំដែន ខណៈដែរមានជនខិលខូច បានលួចបន្លំកាត់ត QR Code គណនីធនាគារ សម្រាប់បរិច្ចាគថវិកាជូន «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដែលមានឈ្មោះថា «LONG CHHNU» ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: