ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពីការបង្កើតក្រុងកំពង់សោម នៃខេត្តព្រះសីហនុ

BY
Khmernote Media
August 29, 2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ យោងតាមគណនីហ្វេសប៊ុកផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញ អនុក្រឹត្យ ស្តីពី ការបង្កើតក្រុងកំពង់សោម នៃខេត្តព្រះសីហនុ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្រេចបង្កើត ក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ដោយកាត់យកឃុំចំនួន០៥ ពីស្រុកព្រៃនប់ គឺ ឃុំរាម ឃុំបិតត្រាំង ឃុំអូរឧកញ៉ាហេង ឃុំបឹងតាព្រហ្ម និងឃុំអូរជ្រៅ។ ព្រំប្រទល់រដ្ឋបាល ក្រុងកំពង់សោម ត្រូវបានកំណត់ដូចមានក្នុងផែនទីជាឧបសម្ព័ន្ធនៃអនុក្រឹត្យនេះ។

ក្នុងនោះក្រុងកំពង់សោម មានសង្កាត់ចំនួន ០៥គឺ សង្កាត់រាម សង្កាត់បិតត្រាំង សង្កាត់អូរឧកញ៉ាហេង សង្កាត់ បឹងតាព្រហ្ម និងសង្កាត់អូរជ្រៅ។ ទីតាំងរដ្ឋបាល ក្រុងកំពង់សោម ត្រូវស្ថិតនៅក្នុងសង្កាត់រាម។

សម្រាប់ការរៀបចំរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលក្រុងកំពង់សោម ត្រូវអនុលោមតាមច្បាប់ស្តីពីការ គ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងអនុក្រឹត្យលេខ ១៨២ អនក្រ.បក ចុះថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ ស្តីពីមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលក្រុង។

ក្រុមប្រឹក្សាស្រុកព្រៃនប់ និងគណៈអភិបាលស្រុកព្រៃនប់ ត្រូវបន្តគ្រប់គ្រងឃុំចំនួន ៥គឺ ឃុំរាម ឃុំបិតត្រាំង ឃុំអូរឧកញ៉ាហេង ឃុំបឹងតាព្រហ្ម និងឃុំអូរជ្រៅ រហូតដល់មានក្រុមប្រឹក្សាក្រុងកំពង់សោម និង គណៈអភិបាលក្រុងកំពង់សោម មកជំនួស ៕

ប្រភព៖ Samdech Thipadei Hun Manet, Prime Minister of Cambodia​

Share This Post: