ព័ត៌មានជាតិ

ចិនសន្យាថា នឹងធ្វើឱ្យអត្តពលិកកម្ពុជាទទួលបានជោគជ័យបន្ថែមទៀត ក្នុងការធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាយុវជនអាស៊ីលើកទី៥ ឆ្នាំ២០២៩

BY
Khmernote Media
August 29, 2024

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ភាគីចិនបានបង្ហាញភាពកក់ក្ដៅដល់កម្ពុជា តាមរយៈការបន្តឆន្ទៈទទួលអត្តពលិកកម្ពុជាទៅហ្វឹកហាត់សម្រួចសមត្ថភាព ក្នុងការ ត្រៀមឆ្ពោះទៅចូលរួមប្រកួតកីឡាអន្តរជាតិនានា ជាពិសេសត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះនៃការប្រកួតកីឡាយុវជនអាស៊ី លើកទី៥ នាឆ្នាំ២០២៩ នៅកម្ពុជា។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡាក្នុងពិធីចុះហត្ថលេខាបិទបញ្ចប់គម្រោងជំនួយបច្ចេកទេសកីឡា កម្ពុជា-ចិន ដែលបានរៀបចំឡើងនាព្រឹកថ្ងៃពុធ ទី២៨ ខែសីហា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាជាមួយលោកជំទាវ ជុង ជី(Zhong Jie )អគ្គកុងស៊ុលពាណិជ្ជកម្ម និងសេដ្ឋកិច្ចនៃស្ថានទូតចិនប្រចាំនៅកម្ពុជា។

ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ទៀតថា ក្នុងនាមលោកស្រី Zhong Jie តំណាងឱ្យភាគីចិន បាន និងកំពុងបន្តជំរុញរៀបចំគម្រោងបញ្ជូនអត្តពលិកកម្ពុជាទៅកាន់ប្រទេសចិន ដើម្បីសម្រួចសមត្ថភាព ក្នុងការត្រៀមឆ្ពោះទៅចូលរួមប្រកួតកីឡាអន្តរជាតិនានា ។ តាមរយៈគម្រោងបញ្ជូនអត្តពលិកកម្ពុជាទៅហ្វឹកហាត់នៅប្រទេសចិននេះ បានស្ដែងចេញនូវលទ្ធផលល្អប្រសើរបំផុត ជាក់ស្ដែងដូចជាជោគជ័យកាលពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដោយកីឡាករ កីឡាការិនីកម្ពុជាជាច្រើននាក់ទទួលបានមេដាយ ។ជោគជ័យនេះគឺជាការខិតខំប្រឹងប្រែងរបស់កីឡាករ កីឡាការិនីកម្ពុជា និងបូករួមជាមួយការបង្ហាត់បង្ហាញតម្រង់ទិសរបស់ភាគីចិនផងដែរ ។

ទាក់ទងនឹងការហ្វឹកហ្វឺននេះដែរ ឯកឧត្តម វ៉ាត់ ចំរើន បានបន្ថែមថា ការបង្ហាត់បង្ហាញដ៏ល្អ និងបទពិសោធន៍ខ្ពស់របស់គ្រូបង្វឹកចិន បានធ្វើឱ្យមានភាពរីកចម្រើនទៅលើសមត្ថភាពរបស់អត្តពលិកកម្ពុជា ។ពិសេសលោកស្រី Zhong Jie បានសន្យាថា នឹងធ្វើឱ្យកម្ពុជាទទួលបានជោគជ័យបន្ថែមទៀតក្នុងការធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាយុវជនអាស៊ី លើកទី៥ ឆ្នាំ២០២៩ ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: