ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្រ្ដីជំនាញនាយកដ្ឋានធារាសាស្ដ្រកសិកម្ម ចុះជួលជុលបឋមច្រាំងស្ទឹងព្រែកត្នោត ដើម្បីទប់ស្កាត់កុំឱ្យបាក់បន្តទៀត

    BY Khmernote Media August 30, 2024
    មន្រ្ដីជំនាញនាយកដ្ឋានធារាសាស្ដ្រកសិកម្ម ចុះជួលជុលបឋមច្រាំងស្ទឹងព្រែកត្នោត ដើម្បីទប់ស្កាត់កុំឱ្យបាក់បន្តទៀត

    ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា នៅថ្ងៃសុក្រ ១១រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤នេះ មន្រ្ដីជំនាញនាយកដ្ឋានធារាសាស្ដ្រកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម ចុះត្រួតពិនិត្យការងារជួសជុលបន្ទាន់ច្រាំងស្ទឹងព្រែកត្នោតបាក់ស្រុត ចំនួន បីទីតាំង ស្ថិតក្នុងភូមិសាស្ត្រស្ទឹងជ្រៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

    លោក ផាង វី ប្រធាននាយកដ្ឋានធារាសាស្ដ្រកសិកម្ម បញ្ជាក់ឱ្យដឹងថា នៅជំហានដំបូងនេះក្រសួងបានបញ្ជូនគ្រឿងចក្រដែលរួមមាន អេស្កាវាទ័រ ៣គ្រឿង និងរថយន្តបែនចំនួន ៥គ្រឿង សម្រាប់អនុវត្តការងារជួសជុលបន្ទាន់ច្រាំងស្ទឹងដែលបានបាក់ដាច់ចំនួន ៣ទីតាំង ស្ថិតក្នុងភូមិព្រែកតាឡុង សង្កាត់តាក្ដុល ភូមិបត្តាជី១ និងបត្តាជី២ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តល ដែលជាលទ្ធផលបានបុកស្មាច់ទប់ជម្រាលជើងទេរបានប្រវែង ២០០ម៉ែត្រ និងរៀបបាវខ្សាច់បានប្រវែង ១០០ម៉ែត្រ។

    សូមជម្រាបថា ការជួសជុលបន្ទាន់នេះបានធ្វើឡើងបន្ទាប់ពីឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយមន្ត្រីបច្ចកទេសក្រសួងនិងមន្ទីរ រួមជាមួយឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានចុះពិនិត្យជាក់ស្តែងស្ថានភាពច្រាំងស្ទឹងព្រែកត្នោតដែលរងការបាក់ស្រុតក្នុងភូមិសាស្ត្រខាងលើ ដើម្បីបញ្ចៀសការបាក់ដាច់ហេដ្ឋារចនាសម្ព័ន្ធនានារួមមានផ្លូវថ្នល់ និងផ្ទះបងប្អូនប្រជាពលរដ្ឋជាដើម កាលពីថ្ងែទី២១ ខែសីហា ឆ្នាំ២០២៤។

    ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសុវត្ថិភាព សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ និងដើម្បីការពារច្រាំងស្ទឹង ឯកឧត្តមរដ្ឋមន្ត្រីបានដាក់បញ្ជាឱ្យក្រុមការងារជំនាញក្រសួងចុះធ្វើការជួសជុលបន្ទាន់ គឺធ្វើឱ្យបានមុនពេលទឹកឡើងមកដល់នាពេលដ៏ខ្លីខាងមុខ៕

    ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology

    Share This Post: