បេក្ខជន ៧២៩នាក់ នឹងត្រូវចូលរួមការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃនេះ
- August 31, 2024
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា បានឱ្យដឹងថា ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ ប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ នៅសាលាភូមិន្ទរដ្ឋបាល។

ក្នុងបរិវេណសាលាភូមិន្ទរដ្ឋបាល មានសហភាពជាច្រើនចូលរួមពីតំណាងក្រសួងអភិវឌ្ឍន៍ជនបទ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងអ្នកសង្កេតការណ៍មកពីសាកលវិទ្យាល័យនានា មហាជនដែលបានចុះឈ្មោះជាអ្នកសង្កេតការណ៍ និងតំណាងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ដើម្បីធានាថា ការប្រឡងប្រជែង នឹងប្រព្រឹត្តទៅបានរលូន និងតាមគោលការណ៍ដែលបានកំណត់ដោយរាជរដ្ឋាភិបាល ក្នុងការជ្រើសរើសមន្ត្រីរាជការ ប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព និងស្របតាមនិយាមនីតិវិធីប្រតិបត្តិ ស្តីពីការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល។
បេក្ខជន ៦នាក់ ក្នុងចំណោមបេក្ខជន ៧២៩នាក់ នឹងត្រូវបានជ្រើសរើសតាមរយៈការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ដើម្បីចូលបម្រើការងារក្នុងក្រសួងអភិវឌ្ឍន៍ជនបទ ដោយទទួលបានក្របខណ្ឌ“ក”។ មន្ត្រីដែលបានជ្រើសរើស នឹងទទួលបានមុខតំណែងជាមន្ត្រីរដ្ឋបាល ចំនួន ៣រូប នៃនាយកដ្ឋានរដ្ឋបាលនិងបុគ្គលិក, វិស្វករសំណង់ស៊ីវិល ចំនួន ១រូប និងស្ថាបត្យករ ចំនួន ១រូប នៃនាយករដ្ឋានផ្លូវលំជនបទ និងមន្ត្រីគ្រប់គ្រងបណ្តាញអ៊ីនធឺណែត ចំនួន ១រូប នៃនាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ៕





- Share This Post:






