ត្រៀមៗ! រដ្ឋបាលខេត្តកំពង់ស្ពឺ នឹងរៀបចំឱ្យមានការប្រណាំងទូក តាមបណ្តោយដងស្ទឹងព្រែកត្នោត រយៈពេល២ថ្ងៃ
- August 31, 2024
ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកំពង់ស្ពឺ បានចេញសេចក្ដីជូនដំណឹងស្ដីពីការរៀបចំព្រះរាជពិធីបុណ្យអុំទូកបណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំ២០២៤ នៅខេត្តកំពង់ស្ពឺ។

រដ្ឋបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា នៅឆ្នាំនេះ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ១៤កើត ថ្ងៃសុក្រ ១៥កើត និងថ្ងៃសៅរ៍ ១ រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមដងទន្លេសាប ខាងមុខព្រះបរមរាជវាំង។
ក្នុងន័យនេះ ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យខាងលើនេះ ឱ្យបានមហោឡារិក អធិកអធម ស្របតាម ប្រពៃណីជាតិ ជាពិសេសស្ថានភាពសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋមានការរីកចម្រើន រដ្ឋបាលខេត្តកំពង់ស្ពឺ នឹងរៀបចំឱ្យមានការប្រណាំងទូកនៅខេត្តកំពង់ស្ពឺ តាមបណ្តោយដងស្ទឹងព្រែកត្នោត ដើម្បីបើកឱកាសជូនប្រជាពលរដ្ឋ បានចូលរួមទស្សនា កម្សាន្តសប្បាយរីករាយ ដោយមានការសម្តែងសិល្បៈ ទស្សនីយភាពផ្សេងៗ ព្រមទាំងមានការអុជកាំជ្រួច។ កម្មវិធីនេះមាន រយៈពេល ០២ថ្ងៃ គឺចាប់ពីថ្ងៃសៅរ៍ ទី២ និងថ្ងៃអាទិត្យ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤។ ផ្អែកតាមខ្លឹមសារខាងលើនេះ រដ្ឋបាលខេត្តកំពង់ស្ពឺ សូមធ្វើការជូនដំណឹងដូចតទៅ៖
១.គ្រប់ក្រុង ស្រុក គ្រប់មន្ទីរ អង្គភាពនានាជុំវិញខេត្ត ក៏ដូចជាវិស័យឯកជន សមាគម ដែលមានបំណងក្នុងការ ចូលរួមប្រណាំងទូក ត្រូវមកដាក់ពាក្យចូលរួមប្រកួតនៅគណៈកម្មការខេត្តកំពង់ស្ពឺ (មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ) ឱ្យបានមុនថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ជាកំណត់ ដើម្បីងាយស្រួលដល់គណៈមេប្រយោគផ្គូផ្គងរវាងទូកនីមួយៗ។
២.មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ សហការជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធចាត់តាំងកម្មវិធីសិល្បៈ សម្តែង ជូនបងប្អូនប្រជាពលរដ្ឋកំសាន្តសប្បាយនៅមុខសួនច្បារសម្តេចព្រះសង្ឃរាជ ជួន ណាត ស្របតាមកម្មវិធីកំណត់ជាក់ស្តែង។
៣.មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ ត្រូវចាត់តាំងបណ្តាញវិទ្យុ ទូរទស្សន៍ជាតិ និងឯកជនចុះធ្វើសកម្មភាពផ្តិតយកព័ត៌មាន នូវរាល់សកម្មភាពជាក់ស្តែង ហើយផ្សព្វផ្សាយឱ្យបានទូលំទូលាយ។
៤.ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការ សឹករងកំពង់ស្ពឺ ត្រូវណែនាំដល់អង្គភាពក្រោមឱវាទឱ្យសហការការពាររក្សាសន្តិសុខ របៀបរៀបរយ សណ្តាប់ធ្នាប់សង្គម សម្រួលចរាចរណ៍ បង្កលក្ខណៈ និងធានាសុវត្ថិភាពសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋ។
បញ្ជាក់៖ សូម ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ទីរ អង្គភាព ត្រូវរៀបចំទូកយ៉ាង ហោចណាស់ចំនួន ០១ក្នុង ០១អង្គភាព។ ដោយឡែកនៅតាមបណ្តាក្រុង ស្រុក ត្រូវរៀបចំទូកមកចូលរួមឱ្យបានច្រើនតាម ស្ថានភាពជាក់ស្តែង។
រដ្ឋបាលខេត្តកំពង់ស្ពឺ មានក្តីសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា គ្រប់មន្ទីរ អង្គភាពជុំវិញខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ នឹងចូលរួមយ៉ាងសកម្ម ដើម្បីធ្វើឱ្យកម្មវិធីនេះប្រព្រឹត្តទៅប្រកបដោយបរិយាកាស សប្បាយរីករាយ និងសុវត្ថិភាពល្អប្រសើរ៕



ប្រភព៖ រដ្ឋបាល ខេត្តកំពង់ស្ពឺ
- Share This Post:






