សូមប្រុងប្រយ័ត្ន! នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវឃើញថា មានជនឆ្លៀតឱកាស ផ្សាយពាណិជ្ជកម្មបោកបញ្ឆោតលក់នាឡិការSmart Watch S9 ដែលមានតម្លៃថោក
- September 3, 2024
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថា ថ្មីៗនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានស្រាវជ្រាវឃើញថា មានគណនីតាមបណ្តាញទំនាក់ទំនងសង្គមមួយចំនួន បានបង្ហោះផ្សព្វផ្សាយ និងចែកចាយបន្ត នូវតំណរភ្ជាប់បោកបញ្ឆោត ឬការផ្សាយពាណិជ្ជកម្មបោកបញ្ឆោត អំពីការលក់នាឡិការ Smart Watch S9 ដែលមានតម្លៃថោកជាងទីផ្សារច្រើន។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបន្តថា ការផ្សាយពាណិជ្ជកម្មនេះ ក្នុងគោលបំណងបោកបញ្ឆោត និងទាក់ទាញដល់អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមខាងលើ ឱ្យមានការចាប់អារម្មណ៍ ដើម្បីធ្វើការបំពេញនូវព័ត៌មានផ្ទាល់ខ្លួន ដែលជាហេតុបណ្ដាលឱ្យជនឆ្លៀតឱកាស អាចយកព័ត៌មានផ្ទាល់ខ្លួននេះ ទៅប្រើប្រាស់ក្នុងគោលបំណងទុច្ចរិតណាមួយ ឬបន្ទាប់ធ្វើការបញ្ជាទិញរួចរាល់ ហើយពុំទទួលបានឥវ៉ាន់។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹកដល់សាធារណជន ដែលប្រើប្រាស់បណ្តាញសង្គមនានា សូមប្រុងប្រយ័ត្ន និងពិនិត្យអោយបានច្បាស់លាស់ទៅលើការផ្សព្វផ្សាយពាណិជ្ជកម្មអ្វីមួយ កុំជឿការផ្សព្វផ្សាយណាដែលគ្មានប្រភពច្បាស់លាស់ ជៀសវាងខាតបង់ផលប្រយោជន៍ដោយសារការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៕

ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department
- Share This Post:






