ស្នងការរាជធានីភ្នំពេញ បំភ្លឺចំពោះការបង្ហោះរបស់ DJ Hero ដែលប្រើភាសាធ្ងន់ធ្ងរមកលើសមត្ថកិច្ច នៅខណ្ឌសែនសុខ
- September 10, 2024
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបំភ្លឺព័ត៌មានចំពោះការផុសរបស់គណនីហ្វេសប៊ុកឈ្មោះ Mom Samet (DJ Hero) ដែលមានខ្លឹមសារថា “លោកប៉ូលិសសែនសុខធ្វើការយប់ជ្រៅគិតប្រពន្ធកូនផង ស៊ីប្រាក់ខែពួកខ្ញុំ កុំថោកពេកប្រយ័ត្នរន្ទះបាញ់ងាប់”។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង០១៖៣០នាទី នៅចំណុចខាងមុខកន្លែងឈៀករថយន្ត បឹងបៃតង លើផ្លូវសម្តេច ជា ស៊ីម ស្ថិតនៅភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ មានរថយន្ត០១គ្រឿង ម៉ាក FORD Raptor ពាក់ផ្លាកលេខ ភ្នំពេញ 2BW-5679 បើកបរដោយឈ្មោះ មុំ សាម៉េត ហៅ DJ HERO ភេទប្រុស អាយុ៤៣ឆ្នាំ បើកបរទិសដៅពីកើតទៅលិច ឆ្លងកាត់គោលដៅអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ទើបសមត្ថកិច្ចនៅគោលដៅនោះ ត្រួតពិនិត្យជាតិស្រវឹង។
ជាលទ្ធផលអ្នកបើកបរមានកម្រិតជាតិអាល់កុលខ្ពស់ ០,៧៩ mg/L ទើបសមត្ថកិច្ចធ្វើការផាកពិន័យតាមច្បាប់។
សូមបញ្ជាក់ការចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិស្រវឹង គឺកម្លាំងសមត្ថកិច្ច អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺសំដៅឲ្យប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ និងការពារអាយុជីវិត ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។ អាស្រ័យដូចបានជម្រាបជូនខ្លឹមសារខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕


ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
- Share This Post:






