ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាជ្ញាធរខេត្តតាកែវ គ្រោងបំពាក់កាមេរ៉ាសុវត្ថិភាព នៅតាមទីប្រជុំជន និងទីសាធារណៈ ដើម្បីកាត់បន្ថយអំពើអសន្ដិសុខផ្សេងៗ

    BY Khmernote Media September 11, 2024
    អាជ្ញាធរខេត្តតាកែវ គ្រោងបំពាក់កាមេរ៉ាសុវត្ថិភាព នៅតាមទីប្រជុំជន និងទីសាធារណៈ ដើម្បីកាត់បន្ថយអំពើអសន្ដិសុខផ្សេងៗ

    ខេត្តតាកែវ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានលើកឡើងថា អាជ្ញាធរខេត្តតាកែវ នឹងរៀបចំបំពាក់ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព និងភ្លើងបំភ្លឺផ្លូវ នៅតាមទីប្រជុំជន សួនច្បារ និងទីសាធារណៈនានា ក្នុងក្រុង ដើម្បីកាត់បន្ថយបាននូវអំពើអសន្ដិសុខផ្សេងៗ ដែលបង្កផលប៉ះពាល់ដល់សុខសណ្ដាប់ធ្នាប់សង្គម។ ឯកឧត្តម ថ្លែងបែបនេះ ក្នុងកិច្ចប្រជុំសាមញ្ញ លើកទី៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តតាកែវ ដែលបានរៀបចំធ្វើឡើង នៅសាលប្រជុំរដ្ឋបាលខេត្តតាកែវ។

    ឯកឧត្តម អភិបាលខេត្ត បានថ្លែងថា កន្លងមកនេះ សង្កេតឃើញថានៅតាមបណ្ដាទីតាំងមួយចំនួនក្នុងក្រុងរបស់យើង មានផ្លូវខ្លះមានភ្លើងបំភ្លឺគ្រប់គ្រាន់ និងផ្លូវខ្លះទៀតមិនទាន់មានភ្លើងបំភ្លឺផ្លូវទេ ដែលបង្កការលំបាក និងហានិភ័យដល់ពលរដ្ឋធ្វើដំណើរនៅពេលយប់ ទន្ទឹមនឹងនេះអាជ្ញាធរនឹងរៀបចំបំពាក់ភ្លើងបំភ្លឺផ្លូវបន្ថែមទៀត ដោយភ្ជាប់ជាមួយកាមេរ៉ាសុវត្ថិភាព ដើម្បីធានាបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ពិសេសងាយស្រួលដល់កម្លាំងសមត្ថកិច្ចតាមដានសកម្មភាព ទីតាំង និងចុះបង្ក្រាប ក្រុមក្មេងទំនើង ចោរលួចឆក់ប្លន់ និងករណីគ្រឿងញៀនជាដើម បានទាន់ពេលវេលា។

    ឯកឧត្តម អភិបាលខេត្ត បន្តថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមការដឹកនាំរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏ដូចជា ក្រសួងមហាផ្ទៃ បានយកចិត្តទុកដាក់ខ្ពស់លើកិច្ចការងារសង្គម ពិសេសការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ស្របពេលប្រទេសជាតិមានសុខសន្ដិភាពពេញលេញ ទន្ទឹមនឹងនេះ អាជ្ញាធរមូលដ្នាន សមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនការយកចិត្តទុកដាក់ ពង្រឹងយន្តការ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដោយធ្វើការបង្ក្រាប ទប់ស្កាត់ បញ្ហាគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ក្មេងទំនើង ចោរលួច ឆក់ប្លន់ កុំឱ្យកើតមានតទៅទៀត ដើម្បីធានាបាននូវសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: