ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ធំ គ្រោងរៀបចំពិធីប្រណាំងទូកថ្នាក់ខេត្ត នៅថ្ងៃទី១៦-១៧ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ

BY
Khmernote Media
September 12, 2024

ខេត្តកំពង់ធំ៖ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ យោងតាមលិខិតរបស់ រដ្ឋបាលខេត្តកំពង់ធំ បានឱ្យដឹងថា រដ្ឋបាលខេត្ត គ្រោងរៀបចំពិធីប្រណាំងទូកថ្នាក់ខេត្ត នាថ្ងៃ១៤-១៥កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦-១៧ ខែតុលា ឆ្នាំ២០២៤ នឹងជាថ្ងៃចេញព្រះវស្សា។

ពិធីប្រណាំងទូកថ្នាក់ខេត្ត​នេះ ធ្វើឡើងក្នុងគោលបំណងបង្ក បរិយាកាសជូនបងប្អូនប្រជាពលរដ្ឋបានកំសាន្តសប្បាយ និងសម្រាំងទូកដែលមានលក្ខណៈសម្បត្តិល្អត្រៀម ចូលរួមប្រណាំងក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែត ប្រទីប និងអកអំបុក សំពះព្រះខែ នៅមុខព្រះបរមរាជវាំង រាជធានីភ្នំពេញក្នុងកំឡុងខែវិច្ឆិកានាពេលខាងមុខ។ ទូកដែលត្រូវចូលរួមប្រណាំងត្រូវបានបែងចែកជា ០៣ ប្រភេទ ក្នុងនោះមាន៖ ប្រភេទទូកង (ទូកវែង) ប្រភេទទូកខ្នាតអន្តរជាតិ (ចំណុះ២២នាក់) និងប្រភេទ ទូកផ្ការចារ។ សម្រាប់ប្រភេទទូកផ្កាចារ កំណត់យកទូកដែលមានចំណុះចាប់ពី ១៣នាក់ ដល់ ១៦នាក់ និងជាប្រភេទទូកកសាងឡើងសម្រាប់ចូលរួមប្រណាំង មិនមែនជាប្រភេទទូកសម្រាប់នេសាទ ឬដឹកទំនិញ ឡើយ។

ដើម្បីធានាបានការរៀបចំពិធីប្រណាំងទូកនេះ ទទួលបានជោគជ័យតាមការគ្រោងទុក រដ្ឋបាលខេត្ត សូមធ្វើការណែនាំដល់លោក លោកស្រីប្រធានមន្ទីរ អង្គភាព អភិបាល នៃគណៈអភិបាលក្រុង ស្រុក និងអង្គភាពពាក់ព័ន្ធ ដូចខាងក្រោម៖

១.លោកអភិបាល នៃគណៈអភិបាលក្រុង ស្រុក ត្រូវផ្សព្វផ្សាយបន្តអំពីព័ត៌មាន នៃការ ត្រៀមរៀបចំពិធីប្រណាំងទូកឆ្នាំនេះ ដល់ព្រះគ្រូចៅអធិការវត្ត និងគណៈកម្មការគ្រប់គ្រងទូក គ្រប់មូលដ្ឋាន ដែលមានបំណងចូលរួមប្រណាំង ឲ្យត្រៀមលក្ខណៈពីចម្ងាយ។ ជាមួយគ្នានេះ ក្រុង ស្រុក ត្រូវរៀបចំចងក្រងបញ្ជីឈ្មោះទូក ដែលត្រូវចូលរួមប្រណាំង រួចផ្ញើមករដ្ឋបាលខេត្ត ឲ្យបានមុនថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ។

២.លោក លោកស្រីប្រធានមន្ទីរ អង្គភាព សូមបន្តគាំទ្រទាំងផ្នែកសម្ភារៈ ថវិកា និងស្មារតីដល់គណៈកម្មការ និងកីឡាករទូក ទាំងមុនពេល និងទាំងក្នុងពេលប្រណាំង ដូចជាការជួសជុល ការកសាងទូក និងការហ្វឹកហាត់កីឡាករឲ្យមានសមត្ថភាពគ្រប់គ្រាន់និងល្អប្រសើរ ជាដើម។

៣.សូមកៀរគររកសប្បុរសជនជួយឧបត្ថម្ភគាំទ្រដល់ទូកក្នុងមូលដ្ឋានរបស់ខ្លួន ៕

Share This Post: