ក្រសួងអប់រំ បដិសេធទាំងស្រុង និងថ្កោលទោសចំពោះការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ពាក់ព័ន្ធការកាត់បៀវត្សរបស់គ្រូបង្រៀន ដើម្បីចូលវិភាគទានទៅក្នុងគម្រោងអភិវឌ្ឍន៍តាមព្រំដែន
- September 13, 2024
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីថ្លែងការណ៍ ប្រកាសបដិសេធទាំងស្រុង និងថ្កោលទោសចំពោះការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ពាក់ព័ន្ធការកាត់បៀវត្សរបស់គ្រូបង្រៀន ដើម្បីចូលវិភាគទានទៅក្នុង«គម្រោងអភិវឌ្ឍន៍តាមព្រំដែន»។

ក្រសួងអប់រំ យុវជន និងកីឡា សូមជម្រាបជូន បុគ្គលិកអប់រំ និងសាធារណជនទាំងអស់ ជ្រាបថា៖ ថ្មីៗនេះក្រុមជនអគតិបានបំផុសបំផុល និងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ពាក់ព័ន្ធនឹងការកាត់បៀវត្សរបស់គ្រូបង្រៀន ដើម្បីចូលវិភាគទានទៅក្នុងគម្រោងអភិវឌ្ឍន៍តាមព្រំដែន ដោយកាត់យកតែម្តង និងដោយមិនបានសួរយោបល់ពីគ្រូបង្រៀន។
ក្រសួងអប់រំ យុវជន និងកីឡាសូមបដិសេធទាំងស្រុង និងថ្កោលទោសចំពោះសកម្មភាពបំផុសបំផុល និងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ដែលមានចរិតជាសកម្មភាពញុះញង់ក្នុងរូបភាពអាក្រក់ និង មើលស្រាលដល់ស្មារតីមហាសាមគ្គីជាតិខ្មែរ និងទឹកចិត្តរបស់ប្រជាពលរដ្ឋខ្មែរ ដែលបានបរិច្ចាគវិភាគទានផ្ទាល់ខ្លួនដោយស្ម័គ្រចិត្ត ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល តាមរយៈ “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” ក្នុងបុព្វហេតុរួមគ្នាកសាង និងការពារមាតុភូមិកម្ពុជារបស់យើង ៕

ប្រភព៖ MoEYS Cambodia
- Share This Post:






