ព្រឹត្តិការណ៍ធំៗចំនួន៣ នឹងប្រារព្ធឡើង ក្នុងខេត្តសៀមរាប ដែលជាព្រឹត្តិការណ៍ដ៏ទាក់ទាញមួយឱ្យទេសចរចូលមកកម្សាន្តកាន់តែច្រើន នៅខែកញ្ញានេះ
- September 14, 2024
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹថា នៅឆ្នាំ២០២៤ ជាឆ្នាំដ៏ពិសេសអស្ចារ្យរបស់កម្ពុជា ព្រោះជាឆ្នាំដែលបាន នឹងគ្រោងប្រារព្ធនូវព្រឹត្តិការណ៍ថ្នាក់ជាតិ និងអន្តរជាតិសំខាន់ៗជាច្រើននៅទូទាំងប្រទេសកម្ពុជា និងនៅលើឆាកអន្តរជាតិផងដែរ។ ក្នុងនោះខេត្តសៀមរាបឯណោះវិញ រយៈពេល៨ខែ ក្នុងឆ្នាំ២០២៤កន្លងមកនេះ បានរៀបចំព្រឹត្តិការណ៍ធំៗជាច្រើន មានទាំងកម្មវិធីកម្សាន្តសប្បាយ កិច្ចប្រជុំ និងព្រឹត្តិការណ៍ធំៗមួយចំនួនទៀត រៀបចំឡើងដើម្បីបង្ហាញពីសម្បតិ្តបេតិកភណ្ឌ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និងធនធានទេសចរណ៍ដ៏អច្ឆរិយៈរបស់កម្ពុជា តាមរយៈការផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវកិត្តិនាម របស់ព្រះរាជាណាចក្រកម្ពុជានៅលើឆាកតំបន់ និងអន្តរជាតិ។

ជាមួយគ្នានេះ ដើម្បីបង្កើនភាពទាក់ទាញអ្នកទេសចរមកកម្សាន្តនៅក្នុងខេត្តសៀមរាប នារដូវភ្លៀងធ្លាក់ ជាពិសេសក្នុងខែកញ្ញានេះ រដ្ឋបាលខេត្ត និងវិស័យឯកជន បានគិតគូរអំពីការបង្កើត នូវព្រឹត្តិការណ៍នានា ដើម្បីទាក់ទាញដល់អ្នកទេសចរបន្ថែមទៀត ជាពិសេសព្រឹត្តិការណ៍សំខាន់ៗចំនួន៣ នឹងកើតមានឡើងក្នុងខេត្តសៀមរាប ដើម្បីទាក់ទាញទេសចរឱ្យមកលេងកម្សាន្ត។
ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅក្រោយបញ្ចប់កិច្ចប្រជុំត្រៀមរៀបចំពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោក កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ថ្មីៗនេះ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប បានបញ្ជាក់ថា៖ នៅថ្ងៃទី២៧ ខែ កញ្ញា ២០២៤ ខាងមុខនេះ រដ្ឋបាលខេត្តសៀមរាប សហការជាមួយវិស័យឯកជន នឹង រៀបចំពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោក ក្រោមប្រធានបទ “ ទេសចរ និងសន្តិភាព” ។
លោកថា៖ ក្រុមការងារបច្ចេកទេសនៃរដ្ឋបាលខេត្ត សហការជាមួយក្លឹបទេសចរណ៍សៀមរាប បណ្តាវិស័យឯកជន មន្ទីរអង្គភាពពាក់ព័ន្ធ កងកម្លាំងមានសមត្ថកិច្ចគ្រប់ប្រភេទបានត្រៀមខ្លួនរួចរាល់ ក្នុងការផ្សព្វផ្សាយវិស័យទេសចរណ៍ទៅកាន់ពិភពលោក។ ក្រៅពីការអបអរសាទរទិវានេះ និងទាក់ទាញទេសចរឱ្យចូលមកកម្សាន្តផងនោះ ម្ចាស់អាជីវកម្មទេសចរណ៍ទាំងអស់ក្នុងខេត្ត នឹងរួមគ្នាបញ្ចុះតម្លៃសេវាកម្មនានា ជូនភ្ញៀវទេសចរ សម្រាប់ក្នុងខែកញ្ញា ជារៀងរាល់ឆ្នាំ។
លោកបានបន្តថា៖ លើសពីនេះទៀត ក្នុងខែកញ្ញានេះ ខេត្តសៀមរាប មានព្រឹត្តិការណ៍ធំៗចំនួន៣ នឹងកើតឡើង ទីមួយគឺការរៀបចំទទួលស្វាគមន៍ព្រឹត្តិការណ៍Gumball 3000 Rally in Cambodia ជាព្រឹត្តិការណ៍ មានការចូលរួមពីកំពូលមហាសេដ្ឋី និងតារាល្បីៗ ដែលនិងជួយផ្សព្វផ្សាយវិស័យទេសចរណ៍នៅកម្ពុជា។
រីឯនៅព្រឹត្តិការណ៍សំខាន់មួយទៀតនោះគឺ ភាពអច្ឆរិយនៅប្រាសាទអង្គរវត្ត ព្រះអាទិត្យនឹងរះឡើងចំកំពូលកណ្តាលនៃប្រាសាទអង្គរវត្ត ដែលព្រឹត្តិការណ៍មហាស្ចារ្យមួយនេះ តែងតែបានទាក់ទាញចំណាប់អារម្មណ៍ទេសចររាប់ម៉ឺននាក់ចង់ឃើញ និងផ្តិតយករូបភាពដ៏កម្រនេះ។
លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាបបានបញ្ជាក់ទៀតថា៖ ចំពោះព្រឹត្តិការណ៍ដង្ហែក្បួនអបអរសាទរទិវាទេសចរណ៍ពិភពលោកថ្ងៃទី២៧ ខែកញ្ញាខាងមុខនេះវិញ តាមការរំពឹងទុកនិងមានការចូលរួមពីប្រតិបត្តិករទេសចរនិងមហាជនរាប់ពាន់នាក់។ អ្វីដែលសំខាន់រដ្ឋបាលខេត្ត មានក្តីសង្ឈឹមថា៖ សេវាកម្មទេសចរណ៍ផ្តល់ជូនដល់ភ្ញៀវដែលមកកម្សាន្ត និងមានលក្ខណៈល្អប្រសើរជាពិសេសទាក់ទាញពួកគាត់ឱ្យមកកម្សាន្តនាឆ្នាំបន្ទាប់ទៀត។
លោក យី សុថា អាយុជាង២០ឆ្នាំ ប្រជាពលរដ្ឋរស់នៅក្នុងក្រុងសៀមរាបបានឱ្យដឹងថា៖ នៅក្នុងខែកញ្ញា ឆ្នាំ២០២៤ លោកទទួលបានការផ្សព្វផ្សាយព័ត៌មាន អំពីការរៀបចំកម្មវិធី និងព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលនៃប្រាសាទអង្គរវត្ត សុទ្ធតែជាព្រឹត្តិការណ៍ដ៏អស្ចារ្យអាចទាក់ទាញទេសចរឱ្យចូលមកកម្សាន្តកាន់តែច្រើន។ ក្នុងនាមពលរដ្ឋអ្នកខេត្តសៀមរាប លោកសូមអបអរសាទរ ចំពោះការរៀបចំឱ្យមានព្រឹត្តិការណ៍ជាច្រើននៅក្នុងខេត្ត ក្នុងគោលដៅលើកស្ទួយជីវភាពពលរដ្ឋ ដែលពឹងអាស្រ័យលើវិស័យទេសចរណ៍ទាំងអស់ឱ្យប្រសើរឡើង។
ចំណែកកញ្ញា ករុណា ប្រជាពលរដ្ឋរស់នៅក្នុងក្រុងសៀមរាប បានឱ្យដឹងដែរថា៖ ចំពោះគម្រោងបញ្ចុះតម្លៃ ទៅលើគ្រប់សេវាកម្មទេសចរណ៍ ជូនភ្ញៀវជាតិនិងអន្តរជាតិ មកកម្សាន្តខេត្តសៀមរាប នៅក្នុងខែកញ្ញា រៀងរាល់ឆ្នាំពិតជាគម្រោងល្អប្រសើរ ព្រោះជាការទាក់ទាញ ឱ្យភ្ញៀវមកកម្សាន្តកាន់តែច្រើន ជាពិសេសក្នុងខែកញ្ញារៀងរាល់ឆ្នាំ តែងមានព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលនៃប្រាសាទអង្គរវត្ត ដែលជាព្រឹត្តិការណ៍មួយ អាចទាក់ទាញទេសចររាប់ម៉ឺននាក់ ឱ្យចូលមកទស្សនាស្ទើរមិនលុះមួយឆ្នាំណាឡើយ។
កម្ពុជាបានខិតខំផ្សព្វផ្សាយអំពីវិស័យទេសចរណ៍គ្រប់ទម្រង់ ក្នុងគោលដៅទាក់ទាញភ្ញៀវទេសចរឱ្យចូលមកទស្សនាព្រះរាជាណាចក្រកម្ពុជាឡើងវិញ បន្ទាប់ពីវិបត្តិនៃជំងឺកូវីដ១៩បានបញ្ចប់។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលផ្តួចផ្តើមដាក់ចេញនូវកម្មវិធី ពិសេសមួយ គឺ៖ «ទស្សនាសៀមរាប ឆ្នាំ ២០២៤» ដែលកម្មវិធីនេះ រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការមួយចំនួន សំដៅជំរុញ ឱ្យវិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាប មានសន្ទុះងើបឡើងវិញ។
ក្នុងនោះ ចាប់តាំងពីដើមឆ្នាំ រហូតមកដល់ក្នុងខែសីហា ឆ្នាំ២០២៤ នៅក្នុងខេត្តសៀមរាប បានប្រារព្ធកម្មវិធី កិច្ចប្រជុំ និងព្រឹត្តិការណ៍ធំៗជាច្រើន ដូចជា៖ ពិធីឆ្លងឆ្នាំសកល ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន២០២៤ ពិធីបុណ្យទន្លេលើកទី៨ ក្រោមប្រធានបទ«ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ» សៀមរាបសង្រ្កាន ព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ និងការសម្តែងក្បាច់គុនសាវលិញ និងក្បាច់គុនល្បុក្កតោនៅអង្គរ ព្រឹត្តិការណ៍ប្រណាំងរថយន្ត និងម៉ូតូ ក្រោមប្រធានបទ “ជំនួបយានយន្ត ជំរុញទេសចរណ៍” នៅបរិវេណអាកាសយានដ្ឋានអន្តរជាតិសៀមរាបចាស់ ព្រឹត្តិការណ៍ “ស្នាមញញឹមនៃកម្ពុជា”ព្រមជាមួយកិច្ចប្រជុំថ្នាក់ជាតិ និងអន្តរជាតិជាច្រើនទៀត កម្មវិធីកម្សាន្តសប្បាយបានប្រារព្ធឡើង ស្របតាមគោលនយោបាយទស្សនាសៀមរាបឆ្នាំ២០២៤របស់រាជរដ្ឋាភិបាលកម្ពុជា។
បន្ថែមេពីនេះទៀត នាចុងខែវិច្ចិកា ខាងមុខនេះ កម្ពុជាគឺជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពី៖ពិភពលោកមួយដែលគ្មានមីន ដែលមានប្រទេសចំនួន១៦៤ ជាសមាជិករដ្ឋភាគីនៃអនុសញ្ញា និងចូលរួមក្នុងកិច្ចប្រជុំខាងលើដែលទាំងអស់នេះជាឱកាសល្អមួយក្នុងការផ្សព្វផ្សាយពីសក្តានុពល វិស័យទេសចរណ៍របស់កម្ពុជាទៅកាន់ពិភពលោក៕





ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post:






