ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ឆ្នេរម៉ាយ៉ារបស់ថៃនឹងត្រូវបន្តបិទទ្វាររហូតដល់ ៥ឆ្នាំ ទោះបីជាប្រព័ន្ធអេកូឡូស៊ីរបស់វាចាប់ផ្តើមល្អឡើងវិញហើយក្តី

    BY autoadmin April 18, 2019
    ឆ្នេរម៉ាយ៉ារបស់ថៃនឹងត្រូវបន្តបិទទ្វាររហូតដល់ ៥ឆ្នាំ ទោះបីជាប្រព័ន្ធអេកូឡូស៊ីរបស់វាចាប់ផ្តើមល្អឡើងវិញហើយក្តី

    ឆ្នេរសមុទ្រម៉ាយ៉ារបស់ថៃដែលបានបិទទ្វារកាលពីឆ្នាំមុនដើម្បីស្ដារឡើងវិញនូវផ្កាថ្ម និងប្រព័ន្ធអេកូឡូស៊ី ត្រូវបានគេឱ្យដឹងថា នឹងត្រូវបន្តបិទទ្វាររហូតដល់រយៈពេល ៥ឆ្នាំ។ ឆ្នេរម៉ាយ៉ាដែលមានទីតាំងស្ថិតនៅលើកោះ Phi Phi ចន្លោះខេត្ត Krabi និងភូកេត ត្រូវបានបិទទ្វារដោយសារភ្ញៀវទេសចរណ៍ច្រើនហួសហេតុពេក បានបណ្តាលឱ្យប្រព័ន្ធអេកូឡូស៊ី និងជាពិសេសផ្កាថ្មត្រូវបានបំផ្លាញ។ ជិតមួយឆ្នាំមកហើយដែលឆ្នេរនេះត្រូវបានបិទទ្វារ ប៉ុន្តែប៉ុន្មានរយៈនេះគេឃើញថា ប្រភេទត្រីឆ្លាម reef shark និងប្រភេទក្តាម Ocypodinae កំពុងបានបង្ហាញខ្លួនឡើងវិញផងដែរ ប៉ុន្តែឆ្នេរនេះនឹងនៅតែត្រូវការស្តារឡើវិញជាច្រើនឆ្នាំទៀត។

    រហូតមកដល់ពេលនេះមានផ្កាថ្មចំនួន ២៣,០០០ ត្រូវបានដាំដោយមន្រ្តីសមុទ្រចាប់តាំងពីមានការបិទទ្វារកាលពីឆ្នាំមុន។ ឆ្នេរម៉ាយ៉ាបានបិទទ្វារកាលពីថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០១៨ ហើយឆ្នេរនេះបានចាប់ផ្តើមល្បីល្បាញដំបូងដោយសារខ្សែភាពយន្ត «The Beach» ដែលសម្ដែងដោយតារា Hollywood លោក Leonardo Di Caprio កាលពីឆ្នាំ២០១០។ កេរ្តិ៍ឈ្មោះនេះបាននាំឱ្យមានកំណើនភ្ញៀវទេសចរ និងឧស្សាហកម្មទេសចរក្នុងស្រុកកើនឡើងជាហូរហែ ហើយភ្ញៀវទេសចរណ៍ដែលចូលមកទស្សនាកោះនេះគឺមានរហូតដល់ ៥,០០០ ទៅ ៦,០០០នាក់ ក្នុងមួយថ្ងៃ ដែលជាហេតុធ្វើឱ្យផ្កាថ្ម និងប្រព័ន្ធអេកូឡូស៊ីរបស់កោះត្រូវបានបំផ្លាញ និងត្រូវការពេលរាប់ឆ្នាំដើម្បីស្តារឡើងវិញ៕

    អត្ថបទ៖ លីដា
    ប្រភព៖ thethaiger

    Share This Post: