អតីតប្រធានាធិបតីប្រទេសប៉េរូលោក Alan Garcia ធ្វើអត្ដឃាតបាញ់ស្លាប់ខ្លួនឯង ដោយសាររឿងពុករលួយ និងលាងលុយកខ្វក់
អតីតប្រធានាធិបតីប្រទេសប៉េរូលោក Alan Garcia ត្រូវបានគេរាយការណ៍ថា បានស្លាប់ដោយសារបាញ់សម្លាប់ខ្លួនឯង ស្របពេលប៉ូលិសកំពុងរៀបចំឃាត់ខ្លួនគាត់កាលពីព្រឹកថ្ងៃពុធ ទី១៧ ខែមេសា ម្សិលមិញនេះ។ ការស្លាប់របស់គាត់ត្រូវបានបញ្ជាក់ដោយប្រធានាធិបតីបច្ចុប្បន្នលោក Martin Vizcarra ដែលគាត់បានសម្តែងការសោកស្តាយតាមរយៈបណ្តាញសង្គម Twitter ។ លោក Alan Garcia ធ្លាប់បានបម្រើការជាប្រធានាធិបតី ២លើក កាលពីឆ្នាំ ១៩៨៥ ដល់ ១៩៩០ និងពីឆ្នាំ ២០០៦ ដល់ ២០១១ ហើយមុនឈានដល់ការធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯងនេះ គាត់កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតទាក់ទិននឹងការលាងលុយកខ្វក់ និងទទួលសំណូករឿងអាស្រូវពុករលួយដ៏ធំរបស់មេដឹកនាំអាមេរិកឡាទីនមួយចំនួន។

លោក Carlos Moran រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានប្រាប់ទូរទស្សន៏ CNN របស់ប៉េរូថា នៅពេលដែលក្រុមប៉ូលីសបានមកដល់ផ្ទះគាត់ ដើម្បីអនុវត្តដីកាចាប់ខ្លួននៅម៉ោង ៦ និង ៣០នាទីព្រឹក លោក Alan Garcia បាននិយាយថា គាត់សុំពេលរង់ចាំមេធាវីរបស់គាត់សិន រួចហើយគាត់ក៏បានចូលទៅសំងំក្នុងបន្ទប់របស់គាត់។ មួយសន្ទុះក្រោយមកសំឡេងគ្រាប់កាំភ្លើងត្រូវបានបន្លឺឡើង ហើយលោកត្រូវបានគេប្រញាប់បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗដែរ ប៉ុន្តែក្រោយធ្វើ CPR ៣ដង គ្រូពេទ្យក៏មិនមានសមត្ថភាពអាចស្រោចស្រង់ជិវិតគាត់បាននោះឡើយ។ យ៉ាងណាមិញលោក Alan Garcia វ័យ ៦៩ឆ្នាំ ត្រូវបានមេធាវីលោក Erasmo Reyna បញ្ជាក់ថា ការស្លាប់របស់គាត់គឺដោយអត្តឃាតបាញ់ភ្ជង់នឹងក្បាលខ្លួនឯង៕



អត្ថបទ៖ លីដា
ប្រភព៖ dailymail