អស់ពីមួយចូលមួយ! អ្នកដំណើរជនជាតិចិនបោះកាក់ ៦ ចូលក្នុងម៉ាស៊ីនយន្តហោះ ដើម្បីសុំសំណាងល្អទៀតហើយ
ចិន៖ ករណីអ្នកដំណើរជនជាតិចិនបោះកាក់ចូលទៅក្នុងម៉ាស៊ីនយន្ត ដើម្បីបួងសួងសុំឲ្យមានសំណាងល្អមុនពេលយន្តហោះចេញដំណើរបានកើតមានជារឿយៗក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ហើយកាលពីពេលថ្មីៗនេះទៀតសោធសារព័ត៌មាន SHANGHAI បានរាយការណ៍ថា មានស្រ្តីអ្នកដំណើរអាយុ ៦៦ ឆ្នាំម្នាក់ទៀតបានបោះកាក់ចំនួន ៦ ចូលទៅក្នុងម៉ាស៊ីនយន្តហោះ និងបានធ្វើឲ្យយន្តហោះត្រូវពន្យាពេលហោះហើររហូតដល់ ២ ម៉ោង។ ហេតុការណ៍នេះបង្កឡើងដោយអ្នកដំណើរឈ្មោះ Wang ហើយវាបានកើតឡើងនៅក្នុងប្រលានយន្តហោះក្នុងតំបន់ Mongolian ក្រុង Hohhot ភាគខាងត្បូងប្រទេសចិន។
ក្រោយរកឃើញថា អ្នកដំណើរខាងលើបានប្រព្រឹត្តសកម្មភាព ដែលអាចបង្កគ្រោះថ្នាក់ដូចនេះ ក្រុមសន្តិសុខបានធ្វើការឃាត់ខ្លួនគាត់ហើយគាត់បានប្រាប់ថា គាត់ធ្វើនេះគឺដើម្បីបួងសួងសុំឲ្យសេចក្តីសុខពេលធ្វើដំណើរតែប៉ុណ្ណោះគ្មានហេតុផលអ្វីផ្សេងពីនេះឡើយ។ គួរម្លឹកជូនថាសកម្មភាពនេះបានផ្តើមកើតឡើងចាប់តាំងពីឆ្នាំ ២០១៧ មកម្លះក្នុងចំណោមអ្នកដំណើរជនជាតិចិន ដែលករណីដូចគ្នានេះបានកើតឡើងប្រមាណជា ៥ ដងហើយ។ ពេលនេះអាជ្ញាធរចិនកំពុងតែស៊ើបអង្កេតថា តើជំនឿមួយនេះមានប្រភពមកពីណា និងព្យាយាមលុបបំបាត់ជំនឿនេះចេញពីក្នុងផ្នត់គំនិតរបស់ប្រជានចិនគ្រប់រូបផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ shanghai


