ព័ត៌មានជាតិ

ស្ថានទូតស៊ុយអែតការិយាល័យប្រចាំទីក្រុងភ្នំពេញ នឹងត្រូវបិទជាផ្លូវការនិងឈប់ធ្វើការចាប់ពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤នេះ

BY
Khmernote Media
September 16, 2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ យោងតាមគណនីហ្វេសប៊ុកផេកផ្លូវការរបស់ ការិយាល័យស្ថានទូតស៊ុយអែត នៅទីក្រុងភ្នំពេញ បានឱ្យដឹងថា ស្ថានទូតស៊ុយអែត នឹងត្រូវបិទជាផ្លូវការ និងឈប់ធ្វើការ ពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤នេះ ដោយសារសេចក្តីសម្រេចរបស់រដ្ឋាភិបាលស៊ុយអែតក្នុងការបញ្ចប់ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទ្វេភាគីជាមួយប្រទេសកម្ពុជា។

តាមរយៈការបង្ហោះក្នុងគណនីហ្វេសប៊ុកផេករបស់ ការិយាល័យស្ថានទូតស៊ុយអែត នៅទីក្រុងភ្នំពេញ មានខ្លឹមសារបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងសូមជម្រាបជូនថា ស្ថានទូតស៊ុយអែតការិយាល័យប្រចាំទីក្រុងភ្នំពេញ នឹងត្រូវបិទជាផ្លូវការនិងឈប់ធ្វើការ ពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ នេះ ដោយសារសេចក្តីសម្រេចរបស់រដ្ឋាភិបាលស៊ុយអែតក្នុងការបញ្ចប់ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទ្វេភាគីជាមួយប្រទេសកម្ពុជា។

ស្ថានទូតស៊ុយអែតប្រចាំទីក្រុងបាងកក នឹងបន្តតំណាងឱ្យប្រទេសស៊ុយអែតនៅកម្ពុជា ហើយចាប់តាំងពីថ្ងៃទី១៦ ខែសីហា ការគ្រប់គ្រងការគាំទ្រដល់ប្រទេសកម្ពុជា យោងទៅតាមយុទ្ធសាស្រ្តតំបន់សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជាមួយអាស៊ី និងប៉ាស៊ីហ្វិក ត្រូវបានផ្ទេរទៅអង្គការសហប្រតិបត្តិការអន្តរជាតិអភិវឌ្ឍន៍ស៊ុយអែត (Sida – Styrelsen för Internationellt Utvecklingssamarbete) ក្នុងទីក្រុង Stockholm។ ស្ថានកុងស៊ុលស៊ុយអែតប្រចាំទីក្រុងភ្នំពេញនឹងបន្តបើក និងផ្តល់សេវាការទូតមូលដ្ឋានសម្រាប់ពលរដ្ឋស៊ុយអែតនៅកម្ពុជាដដែល។»

ស្ថានទូតស៊ុយអែត បានបន្ថែមថា៖ «ការបិទការិយាល័យតំណាងនេះ ក៏មានន័យថា នឹងត្រូវបិទទំព័រ Facebook ផងដែរ។ ស្ថានទូតស៊ុយអែត សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកទាំងអស់គ្នា ដែលបានតាមដាននិងប្រាស្រ័យទាក់ទងជាមួយយើងអស់រយៈពេលជាច្រើនឆ្នាំមកនេះ។ អ្នកអាចបន្តតាមដានស្ថានទូតស៊ុយអែតប្រចាំទីក្រុងបាងកក (Embassy of Sweden in Bangkok) និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ក្នុងតំបន់ស៊ុយអែត នៅលើ x @SwedeninAP » ៕

ប្រភព៖ Embassy of Sweden Section Office in Phnom Penh

Share This Post: