សមត្ថកិច្ច ចុះដកហូតបំពង់ស៊ីម៉ាំង និងគ្រឿងបន្លាស់កែច្នៃ ដែលអ្នកប្រើប្រាស់មួយចំនួនតែងតែទិញយកដាក់ម៉ូតូ បង្កសម្លេងរំខានដល់ពលរដ្ឋ
- September 16, 2024
ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ដោយអនុវត្ដតាមបទបញ្ជាលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កំលាំងនគរបាលអធិការដ្ឋានស្រុកសំរោងទង ដឹកនាំដោយលោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុក កំលាំងផ្នែកជំនាញស្រុក ប៉ុស្តិ៍នគរបាលរដ្ឋបាលវល្លិសរ បានចុះដល់ទីតាំងលក់បំពង់ស៊ីម៉ាំងម៉ូតូកែច្នៃមួយកន្លែងតាមបណ្ដោយផ្លូវជាតិលេខ ៤ ចន្លោះគីឡូម៉ែត្រ ៣៩-៤០ ស្ថិតនៅភូមិស្លា ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ជាក់ស្ដែងពេលសមត្ថកិច្ចចុះដល់បានជួបមនុស្សចំនួន ៤នាក់៖
១- ឈ្មោះ រី សុវិរ: ភេទប្រុស អាយុ ២០ឆ្នាំ ម្ចាស់ទីតាំង នៅភូមិរំលោង ឃុំវល្លិសរ ស្រុកសំរោងទង ។
២- ឈ្មោះ ចន សុខមាន ភេទប្រុស អាយុ ១៧ឆ្នាំ ម្ចាស់ទីតាំង នៅភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោងទង ។
៣- ឈ្មោះ សុខ ទិត្យ ភេទប្រុស អាយុ ២២ឆ្នាំ អ្នកមកជួលជុល នៅភូមិព្រៃស្ដុក ឃុំមហាសាំង ស្រុកភ្នំស្រួច ។
៤- ឈ្មោះ ធឿន រ៉ាវី ភេទប្រុស អាយុ ២១ឆ្នាំ ជាងជួសជុលកែច្នៃ ស្នាក់នៅភូមិស្លា ឃុំវល្លិសរ ស្រុកសំរោងទង ។
ក្រោយពិនិត្យនិងបានដកហូតបានម៉ូតូកែច្នៃ ចំនួន ៦គ្រឿង បំពង់ស៊ីម៉ាំងកែច្នៃចំនួន ១១ និងដែកសាក់ស៊ីចំនួន ៩។ ករណីខាងលើសមត្ថកិច្ចបានធ្វើការអប់រំកិច្ចសន្យាចំពោះម្ចាស់ទីតាំង ជាងកែច្នៃស៊ីម៉ាំង និងអ្នកមករកសេវាកែច្នៃអោយវិលត្រឡប់ទៅវិញបញ្ឈប់សកម្មភាពប្រាសចាកផ្លូវច្បាប់៕





- Share This Post:






