ប្រទះឃើញព្រះកេសទេវតាទាញព្រ័ត្រចំនួន២ នៅជាប់ស្ពានហាល ត្រូវបានដឹកយកមករក្សាទុក នៅសារមន្ទីរព្រះនរោត្តមសីហនុអង្គរ
- September 17, 2024
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ បានឱ្យដឹងថា កាលពីព្រឹកទី១៦ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ បានសហការជាមួយភ្នាក់ងារជំនាញអាជ្ញាធរជាតិអប្សរា ចុះទៅខ្លោងទ្វារជ័យ ស្ថិតក្នុងភូមិស្រះស្រង់ខាងត្បូង សង្កាត់នគរធំ ក្រុង/ខេត្តសៀមរាប ដើម្បីធ្វើការប្រគល់-ទទួល ព្រះកេសទេវតាទាញព្រ័ត្រចំនួន០២ ធ្វើពីថ្មភក់ ដែលក្រុមកំណាយស្រាវជ្រាវ និងជួសជុលរបស់អាជ្ញាធរជាតិអប្សរាប្រទះឃើញ នៅចំណុចខាងកើតខ្លោងទ្វារ ជាប់ខាងត្បូងស្ពានហាល ចន្លោះរូបទី៤១.៤២ រាប់ពីកើតមកលិច ក្នុងជម្រៅដី៦៣ស.ម ។

ព្រះកេសទាំង២ខាងលើលោក អន សុភាព ប្រធានក្រុមកំណាយ បានប្រគល់ឲ្យលោក ឈូក សុម៉ាឡា ប្រធានក្រុមចុះបញ្ជីវត្ថុសិល្បៈ នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា យកទៅរក្សាទុកនៅសារមន្ទីរព្រះនរោត្តមសីហនុអង្គរ រីឯបំណែកដងខ្លួនមួយចំនួនទៀតបានលើកមករក្សាទុកនៅលើស្ពានហាលខាងកើតខ្លោងទ្វារដើម្បីរៀបចំជួសជុលឡើងវិញ។
នៅរសៀលថ្ងៃដដែលអង្គភាពបានដាក់កម្លាំងសហការជាមួយស្ថាប័នពាក់ព័ន្ធដើម្បីធានាការពារសន្តិសុខ សុវត្ថិភាព និងរៀបចំសណ្ដាប់ធ្នាប់សាធារណ: ព្រឹតិ្តការណ៍ Gumball 3000 Rally in Cambodia ក្រោមប្រធានបទ “Cuball 3000 Rally in Cambodia ដើម្បីទេសចរណ៍”នៅបរិវេណប្រាសាទបាយ័ន(ខាងជើង) ខេត្តសៀមរាបក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្ដី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម សុខ សុកេន រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ ធានាបានសុវត្ថិភាព ៕






ប្រភព៖ នាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ Heritage Protection Police Department
- Share This Post:






