សូមប្រុងប្រយ័ត្ន! ក្នុងរយៈពេល ៣-៥ថ្ងៃខាងមុខនេះ នឹងមានភ្លៀងធ្លាក់ច្រើន ជាបន្តបន្ទាប់ បណ្តាលឱ្យទឹកទន្លេមេគង្គក្នុងខេត្តក្រចេះ នឹងហក់ឡើងខ្ពស់
- September 17, 2024
ខេត្តក្រចេះ៖ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្ដក្រចេះ បានចេញសេចក្តីណែនាំ ស្តីពីវិធានការបង្ការ និងការឆ្លើយតបការសង្គ្រោះបន្ទាន់គ្រោះទឹកជំនន់ ក្នុងមូលដ្ឋានខេត្តក្រចេះ។

បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ និងការព្យាករណ៍កម្ពស់ទឹកទន្លេមេគង្គរបស់គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ ឃើញថា តំបន់ផ្ទៃរងទឹកភ្លៀងរបស់ទន្លេមេគង្គ ក្នុងប្រទេសថៃ និងប្រទេសឡាវ នឹងមានភ្លៀងធ្លាក់ច្រើន ជាបន្តបន្ទាប់ បណ្តាលឱ្យទឹកទន្លេមេគង្គក្នុងខេត្តក្រចេះនឹងហក់ឡើង ដល់កម្ពស់ ២០,៩៧ម៉ែត្រ ក្នុងរយៈពេល ៣ ទៅ ៥ ថ្ងៃខាងមុខនេះ។ ស្ថានភាពនេះ អាចបង្កឱ្យកើតមានឡើងនូវជំនន់ទឹកភ្លៀង និងជំនន់ទន្លេមេគង្គគ្រប់ពេលវេលា ពិសេសតំបន់ដែលស្ថិតនៅអមសងខាងទន្លេមេគង្គ ក្នុងមូលដ្ឋានខេត្តក្រចេះ។
ក្នុងន័យនេះ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត (គ.គ.ម.ខ.) សូមធ្វើការណែនាំ ដល់មន្ទីរ ពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដូចខាងក្រោម៖
• រដ្ឋបាលក្រុង/ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត និងកងកម្លាំងទាំងបីប្រភេទ ត្រូវត្រួតពិនិត្យធនធានសម្ភារ និងកម្លាំងអន្តរាគមន៍បន្ទាន់ ដើម្បីត្រៀមលក្ខណៈឆ្លើយតប និងសង្គ្រោះបន្ទាន់គ្រោះទឹកជំនន់។
• រដ្ឋបាលក្រុង/ស្រុក ត្រូវណែនាំដល់អាជ្ញាធរឃុំ/សង្កាត់ ភូមិ ដើម្បីរៀបចំ និងសម្អាត ទីទួលសាធារណៈ និងទីទួលសុវត្ថិភាព ដែលមានស្រាប់ សម្រាប់ត្រៀមជម្លៀសប្រជាពលរដ្ឋ។
• រដ្ឋបាលក្រុង/ស្រុក ត្រូវតាមដានព័ត៌មានអាកាសធាតុ និងកម្ពស់ទឹកទន្លេមេគង្គដែលព្យាករណ៍ដោយ ក្រសួង-ស្ថាប័នជំនាញ និងផ្សព្វផ្សាយបន្ត ឱ្យដល់ប្រជាពលរដ្ឋពិសេស ជនងាយរងគ្រោះ និងគ្រួសារ ងាយរងហានិភ័យ។
• រដ្ឋបាលក្រុង/ស្រុក ត្រូវណែនាំដល់ឃុំ/សង្កាត់ និងភូមិ ត្រូវបំពេញទម្រង់របាយការណ៍ទឹកជំនន់ ហើយ ត្រូវធ្វើរបាយការណ៍តាមប្រព័ន្ធ Telegram និងតាមប្រព័ន្ធ PRISM មកកាន់លេខាធិការដ្ឋាន នៃ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ជាប់ជាប្រចាំ។
• មន្ទីរធនធានទឹក និងឧតុនិយមខេត្ត សហការជាមួយមន្ត្រីជំនាញពាក់ព័ន្ធ បន្តកត់ត្រា និងផ្តល់ព័ត៌មានបច្ចុប្បន្នភាព ស្តីពីស្ថានភាពអាកាសធាតុ និងកម្ពស់ទឹកទន្លេមេគង្គរៀងរាល់ថ្ងៃ មកកាន់ គ.គ.ម.ខ.។
• មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ត្រូវណែនាំគ្រប់សាលារៀនឱ្យណែនាំបន្តដល់សិស្សានុសិស្ស និង អាណាព្យាបាល ត្រូវយកចិត្តទុកដាក់ខ្ពស់ដល់សុវត្ថិភាព ការធ្វើដំណើររបស់សិស្សនៅតំបន់ទឹកជំនន់។
• ប្រជាពលរដ្ឋ ត្រូវតាមដានស្ថានភាពទឹកជំនន់ទន្លេមេគង្គជាប់ជាប្រចាំ និងត្រូវម្ចាស់ការ ឬ សហការ ជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីទទួលបានព័ត៌មានអំពីទីតាំង ដែលត្រូវជម្លៀសសត្វពាហនៈ និង ក្រុមគ្រួសារ ទៅទីទួលសុវត្ថិភាព ក្នុងករណីទឹកជំនន់មានការគំរាមកំហែងដល់សុវត្ថិភាព។
អាស្រ័យហេតុនេះ សូមមន្ទីរពាក់ព័ន្ធ រដ្ឋបាលក្រុង/ស្រុក និងប្រជាពលរដ្ឋ រៀបចំចាត់ចែង និងចូលរួម អនុវត្តសេចក្តីណែនាំនេះ ប្រកបដោយស្មារតីទទួលខុសត្រូវ និងប្រសិទ្ធភាពខ្ពស់ ៕

ប្រភព៖ រដ្ឋបាលខេត្ដក្រចេះ
- Share This Post:






