ព័ត៌មានជាតិ

ត្រៀមៗ! ស្ថានទូតបារាំងប្រចាំកម្ពុជា នឹងបើកទ្វារឱ្យសាធារណជនចូល​ទស្សនា​នៅថ្ងៃទី២១ ខែកញ្ញា ក្នុងទិវាបេតិកភណ្ឌអឺរ៉ុប

BY
Khmernote Media
September 18, 2024

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន​ បានឱ្យដឹងថា បន្ទាប់ពីបានស្វាគមន៍អ្នកចូលទស្សនាជាង៥ ៣០០នាក់កាលពីឆ្នាំ​មុនដែលជាចំនួនដ៏ច្រើនមិនធ្លាប់មាន ស្ថានទូតបារំាងប្រចាំ​កម្ពុជា​នឹងបើកទ្វារសាជាថ្មីជូនសាធារណជនចូលទស្សនានៅថ្ងៃសៅរ៍ទី២១ ខែកញ្ញា ឆ្នាំ២០២៤ ចាប់ពីម៉ោង៨ព្រឹក ដល់​រហូតម៉ោង ៤​រសៀល (រួមទាំងពេលថ្ងៃត្រង់ផងដែរ)។

សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំងប្រចាំកម្ពុជាកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤​បានបញ្ជាក់ថា​ព្រឹត្តិការណ៍នេះធ្វើ​ឡើងនៅក្នុង​ក្របខ័ណ្ឌនៃទិវាបេតិកភណ្ឌអឺរ៉ុបដើម្បីអនុញ្ញាតឱ្យ​សាធារណជនអាច​ស្វែងយល់ ឬស្វែងយល់ជាថ្មីអំពីស្ថានទូត ដែលពោរពេញដោយ​ប្រវត្តិសាស្រ្ត និងជាពិសេសបានមកកម្សាន្តនៅក្នុងឧទ្យានស្ថាន​ទូតទំហំ៤,៧ហិកតា ដែលជាតំបន់បៃតង​ធំជាងគេមួយនៅរភ្នំពេញ ហើយក៏ជាជម្រកនៃជីវៈចម្រុះ ក្នុងនោះមានដើមឈើជាង២០០ដើម​ត្រូវជា​​ប្រមាណ៥០ប្រភេទ និង​សត្វប្រមាណ៣០ប្រភេទ ដូចជា​សត្វស្លាប ស្វា ឈ្លូស និងសត្វល្អិតជាដើម។ អ្នកទស្សនាក៏នឹងឃើញ​ផងដែរនូវទ្វាររបង​ចាស់មួយ​របស់ស្ថានទូត ដែលបានឆ្លងកាត់ប្រវត្តិដ៏​ជូរចត់​នៅពេលដួលរលំក្រុងភ្នំពេញនៅឆ្នាំ១៩៧៥ ពោលគឺកាល​ពី​ជិត​៥០ឆ្នាំមុន។

ប្រភពដដែលបន្តថា ដំណើរកម្សាន្តអមដោយការពន្យល់ពីមគ្គុទ្ទេស​ក៍ជាភាសាខ្មែរ បារាំង និងអង់គ្លេស។ការទស្សនាធ្វើឡើង​ដោយ​សេរី និងមិនបាច់ចុះឈ្មោះជាមុន ប៉ុន្តែចំនួនអ្នកទស្សនាអាចនឹងមានច្រើន ជាពិសេសនៅពេលព្រឹកដែលតម្រូវ​ឱ្យមានការ​ឈរតម្រង់​ជួរ។ កាបូបធំៗ និងរបស់របរដែលអាចបង្កគ្រោះថ្នាក់មិនអនុញ្ញាតឱ្យយក​ចូលក្នុងស្ថានទូតឡើយ។ អ្នកទស្សនាអាចយក​មកជាមួយ​នូវទឹក​សម្រាប់ទទួលទាន និងត្រូវពាក់ស្បែកជើងសមស្របសម្រាប់ការ​ដើរទស្សនានៅក្នុងឧទ្យាន ដែលកន្លែងខ្លះមាន​ក្រាលថ្មតូចៗ និងខ្លះ​ទៀតជាស្មៅ។

ផ្តួចផ្តើមឡើងនៅឆ្នាំ១៩៨៥ដោយប្រទេសបារាំង ទិវាបេតិកភណ្ឌអឺរ៉ុប​សព្វ​ថ្ងៃត្រូវបានប្រារព្ធនៅក្នុងប្រទេសជាង៥០។ នៅកម្ពុជា អគារដែល​មានតម្លៃបេតិកភណ្ឌគួរឱ្យកត់សម្គាល់ផ្សេងៗទៀតក៏នឹងបើកទ្វារសម្រាប់សាធារណជនចូលទស្សនានៅថ្ងៃទី២១កញ្ញាផងដែរ ដូចជាក្រុម​ប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលនឹងបើកឱ្យទស្សនាជាលើកទីមួយ ការិយាល័យអង្គការយូណេស្កូ សាកលវិទ្យាល័យភូមិន្ទ​វិចិត្រសិល្បៈ និងអភិរក្សដ្ឋានអង្គរនៅខេត្តសៀមរាប។ ម៉ោងពេល និងបែបបទ​ទស្សនាត្រូវបានកំណត់ដោយស្ថាប័ននីមួយៗ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: