ព័ត៌មានជាតិ

រដ្ឋបាលខេត្តតាកែវ អំពាវនាវឱ្យប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយដងស្ទឹង ព្រែក សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ហាមកូនតូចៗចុះលេងទឹក

BY
Khmernote Media
September 18, 2024

ខេត្តតាកែវ៖ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ យោងតាមការចេញផ្សាយរបស់ រដ្ឋបាលខេត្តតាកែវ បានចេញសេចក្ដីជូនដំណឹង ស្តីពីការត្រៀមបង្ការគ្រោះមហន្តរាយទឹកជំនន់ក្នុងភូមិសាស្ត្រខេត្តតាកែវ។

រដ្ឋបាលខេត្តតាកែវ បានឱ្យដឹងថា ដោយផ្អែកលើស្ថានភាពជាក់ស្តែងបច្ចុប្បន្នកម្រិតទឹកភ្លៀង និងគ្រោះធម្មជាតិនៅតាមបណ្តាប្រទេសជិតខាងមានការកើន ឡើងជាបន្តបន្ទាប់តាមរយៈជំនន់ទឹកភ្លៀង និងមានលាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ថែមទៀត។

ដើម្បីចៀសវាងនូវគ្រោះថ្នាក់ និងគ្រោះមហន្តរាយផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ សូមបងប្អូន ប្រជាពលរដ្ឋក្នុងខេត្តតាកែវទាំងអស់ និងបងប្អូនដែលរស់នៅតាមបណ្តោយដងស្ទឹង ព្រែក ជាពិសេសបងប្អូនដែលរស់នៅតំបន់ងាយរងគ្រោះ មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វើដំណើរតាមផ្លូវទឹក ព្រមទាំងហាមកូន ចៅតូចៗកុំឱ្យចុះលេងទឹក និងត្រូវត្រៀមរៀបចំទុកដាក់នូវសម្ភារ ឯកសារសំខាន់ៗ ឱ្យបានត្រឹមត្រូវ។

ទន្ទឹមគ្នានេះដែរ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់ ក្នុងការត្រៀមរៀបចំផែនការសម្ភារ មធ្យោបាយសម្រាប់អន្តរាគមន៍ និងត្រៀមរៀបចំទីទួលសុវត្ថិភាពឱ្យបានសមរម្យក្នុងការជម្លៀសប្រជាពលរដ្ឋ នៅពេលដែលមានគ្រោះមហន្តរាយកើតមានឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ជាមួយគ្នានេះ ត្រូវធ្វើការ ផ្សព្វផ្សាយ ណែនាំឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់លើសុខភាពអនាម័យដើម្បីចៀសវាងជំងឺឆ្លងផ្សេងៗ។

អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូម អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បងប្អូនប្រជាពលរដ្ឋ និង សាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងចូលរួមសហការជាមួយអាជ្ញាធរ និងមន្ទីរ អង្គភាពពាក់ព័ន្ធនានា ដើម្បីត្រៀមបង្ការ និងឆ្លើយតបករណីមានគ្រោះមហន្តរាយកើតឡើងឱ្យបានទាន់ពេលវេលា ៕

ប្រភព៖ រដ្ឋបាលខេត្តតាកែវ

Share This Post: