មកដឹងអំពីអត្ថន័យ នៃឯកសណ្ឋានប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចធិបតី»
- September 20, 2024
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា យុទ្ធគុនដូនតាខ្មែរ គឺជាបេតិកភណ្ឌអរូបិយនៃមនុស្សជាតិ ជារតនសម្បត្តិខ្មែរ និងជាព្រលឹងខ្មែរ ដែលកូនចៅខ្មែរគ្រប់ជំនាន់មិនអាចមើលរំលង និងមិនអាចបំភ្លេចបានឡើយ។ ដូច្នេះហើយ ទើបសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ខ្ពស់ ចង្អុលបង្ហាញឱ្យមានការរៀបចំ គាស់រំលើងឡើងវិញ នូវយុទ្ធគុនបុរាណខ្មែរគ្រប់ទម្រង់ ដែលខ្លះបានកប់ទុកនៅតាមទីជនបទ ស្រុក ភូមិ ទូទាំងប្រទេស ឱ្យមកប្រមូលផ្ដុំគ្នាជាថ្មី នៅលើឆាកប្រកួត កីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចធិបតី» លើកទី១ ។

ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចធិបតី» គឺរៀបចំឡើងដើម្បីចូលរួមការពារ និងលើកស្ទួយក្បាច់គុនបុរាណខ្មែរ និងជាឱកាសសម្រាប់បង្ហាញជូនប្រជាពលរដ្ឋខ្មែរ ក៏ដូចជាបរទេស ឱ្យបានស្គាល់ និងឃើញនូវភាពសម្បូរបែបរបស់ក្បាច់គុន ដែលជាមរតករបស់ដូនតាខ្មែរបន្សល់ទុកមក ។
ជាមួយគ្នានេះ សម្រាប់ឯកសណ្ឋានក្នុងការប្រកួត គឺតម្រូវឱ្យបេក្ខភាពប្រឡងស្លៀកខោខ្លី ដែលរចនាឡើងយ៉ាងពិសេសដូចក្បិន និងមានបង្កប់អត្ថន័យដូចតទៅ៖
– ក្បាច់ផ្កាច័ន្ទន៍៖ តំណាងឱ្យសិល្បៈ វប្បធម៌សម្បូរបែបរបស់ជនជាតិខ្មែរ ជាពិសេស គឺមានទំនាក់ទំនងទៅនឹងរឿងព្រេង របស់ព្រះថោង នាងនាគ ដែលក្រឡាគោមរបស់ផ្កាច័ន្ទន៍គឺ ប្រៀបបីដូចជាស្រការនាគ ។ ដូច្នេះហើយយើងសង្កេតឃើញថា រាល់ចម្លាក់មេទ័ព ឬអ្នកចម្បាំងសម័យបុរាណ តែងមានលម្អផ្កាច័ន្ទន៍ នៅលើអាវ ក្បិន អាវក្រោះ ឬលើយុទ្ធោបករណ៍ជាដើម ។
– ខោក្បិន៖ ជារចនាបទទំនើបកម្មមួយ ដើម្បីឱ្យសមស្របទៅតាមតម្រូវការប្រើប្រាស់ សម្រួលដល់ការប្រកួត និងកាលៈទេសៈបច្ចុប្បន្ន ។ ការរចនានេះ យើងមានមូលដ្ឋានគ្រឹះនៃការច្នៃប្រឌិត ដោយផ្អែកតាមទម្រង់ក្បិនខ្លី សម័យបុរាណ ដែលយើងអាចឃើញតាមរយៈចម្លាក់ និងការស្លៀកពាក់របស់ចាស់ទុំ និងជាពិសេសអ្នកប្រយុទ្ធក្នុងសម័យអនាគម ដែលថតបានដោយជនជាតិបារាំង ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចធិបតី»នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៤ ៕




ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post:






