ព័ត៌មានជាតិ

អភិបាលខេត្តបាត់ដំបង ណែនាំឱ្យរៀបចំប្រទីបធ្វើពីស្លឹកឈើធម្មជាតិជំនួសឱ្យប្លាស្ទិក ដើម្បីថែរក្សាអនាម័យបរិស្ថាន

BY
Khmernote Media
September 21, 2024

ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានអំពាវនាវអោយសាធារណជន ភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ ដែលរៀបចំកន្ទោង ប្រទីបធ្វើអំពីជ័រ ឬស្នោរក្នុងរយៈពេលកន្លងមក ត្រូវរៀបចំជំនួសដោយការរៀបចំពីដើមចេក ស្លឹកចេក ស្លឹកត្នោត ឬប្រភេទស្លឹកឈើធម្មជាតិផ្សេងៗ ដើម្បីបង្ហាញពីការចូលរួមចំណែកលើកតម្លៃជាតិ តម្លៃវប្បធម៌ដូនតា និងបរិស្ថានសង្គម ជាពិសេសដើម្បីថែរក្សាអនាម័យបរិស្ថានប្រព័ន្ធអេកូឡូស៊ីឱ្យបានល្អប្រសើរដើម្បីប្រែក្លាយក្រុងបាត់ដំបងទៅជាទីក្រុងវៃឆ្លាត Smart City និងជាក្រុងដែលស្អាតបៃតង។

ក្នុងកិច្ចប្រជុំដែលធ្វើឡើងនៅសាលាខេត្តបាត់ដំបង នៅរសៀលថ្ងៃទី២០ ខែកញ្ញា ឯកឧត្តម សុខ លូ បានបញ្ជាក់ថា ខេត្តនឹងរៀបចំពិធីបុណ្យអុំទូក និងបណ្ដែតប្រទីបខេត្តបាត់ដំបងនៅតាមបណ្តោយដងស្ទឹងសង្កែក្នុងក្រុងបាត់ដំបង ចាប់ពីថ្ងៃទី១៦-១៧ ខែតុលា ឆ្នាំ២០២៤ ដោយរៀបចំ កម្មវិធីកម្សាន្តសប្បាយផ្សេងៗធ្វើយ៉ាងណាឱ្យមានភាពទាក់ទាញ ប្លែកៗជាងឆ្នាំមុនៗ ដើម្បីបង្កបរិយាកាសសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋនិងបង្កើនការទាក់ទាញភ្ញៀវទេសចរ។ ឯកឧត្តម សុខ លូ ថ្លែងបន្ថែមថា ពិធីបុណ្យអុំទូក និងបណ្ដែតប្រទីបឆ្នាំនេះនឹងមានប្រទីបចូលរួមបណ្ដែតច្រើនជាងឆ្នាំមុន។ ឯកឧត្តម សុខ លូ ណែនាំដល់ក្រុមការងារត្រូវបង្កើនការយកចិត្តទុកដាក់លើការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាព និងអនាម័យបរិស្ថាន។

ក្នុងពិធីបុណ្យអុំទូកនេះ មានការប្រណាំងទូកង ខ្នាតប្រពៃណីជាតិ ទូកខ្នាតអន្តរជាតិ ទូកមង ទូកផ្កាចារ និងនៅពេលរាត្រីក៏មានការរៀបចំបណ្ដែតប្រទីបបង្ហោះគោមនិងបាញ់កាំជ្រួចជាដើម។ជាមួយគ្នានេះក្នុងពេលរាត្រីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ក៏មានការដង្ហែប្រទីបយកទៅបណ្ដែតក្នុងស្ទឹងសង្កែ ដើម្បីសម្តែងនូវកតញ្ញូតាធម៌ ដ៏ជ្រាលជ្រៅចំពោះព្រះគង្គា ដែលបានផ្តល់ដីដ៏មានជីវជាតិល្អផូរផង់បម្រើដល់វិស័យកសិកម្ម និងជីវិតរស់នៅរបស់បងប្អូន ប្រជាពលរដ្ឋ។ រដ្ឋបាលខេត្តបាត់ដំបង សង្ឃឹមយ៉ាងមុតមាំថា សាធារណជន ភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ ពិតជានឹងចូលរួមអនុវត្តតាមសេចក្ដីជូនដំណឹងនេះ និងសូមអញ្ជើញចូលរួមកម្សាន្តសប្បាយរីករាយ ដើម្បីអបអរសាទរពិធីបុណ្យចេញវស្សាឱ្យបានច្រើនកុះករ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: