រដ្ឋបាលខេត្តកំពង់ធំ នឹងរៀបចំពិធីប្រណាំងទូកថ្នាក់ខេត្ត រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៧ ខែតុលា ឆ្នាំ២០២៤ខាងមុខនេះ
- September 23, 2024
ខេត្តកំពង់ធំ៖ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្ដីជូនដំណឹង អំពីការរៀបចំពិធីប្រណាំងទូកថ្នាក់ខេត្ត នៅថ្ងៃទី១៦-១៧ ខែតុលា ឆ្នាំ២០២៤ខាងមុខនេះ។

រដ្ឋបាលខេត្តកំពង់ធំ បានឱ្យដឹងថា ឆ្នាំនេះ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រព្រឹត្តិទៅនៅថ្ងៃ ១៤-១៥កើត និងថ្ងៃ១រោច ខែកត្តិក ត្រូវនឹងថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង រាជធានីភ្នំពេញ។ ជាមួយគ្នានេះ រដ្ឋបាលខេត្ត គ្រោងរៀបចំពិធីប្រណាំងទូកថ្នាក់ខេត្ត នៅថ្ងៃ១៤-១៥កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦-១៧ ខែតុលា ឆ្នាំ២០២៤ ក្នុងគោលបំណងបង្កបរិយាកាសជូនបងប្អូនប្រជាពលរដ្ឋបានកំសាន្តសប្បាយ និងសម្រាំងទូកដែលមានលក្ខណៈ សម្បត្តិល្អ ត្រៀមចូលរួមប្រណាំងក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ នៅរាជធានីភ្នំពេញ។
ដើម្បីឱ្យពិធីប្រណាំងទូកនេះ ប្រព្រឹត្តទៅប្រកបដោយភាពអធឹកអធម រីករាយនិងជោគជ័យ រដ្ឋបាលខេត្ត មានកិត្តិយស សូមអំពាវនាវដល់ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ ក្រុមហ៊ុន អាជីវករ អង្គការ សហគមជាតិ-អន្តរជាតិ ព្រមទាំងសប្បុរសជនទាំងអស់មេត្តាជួយឧបត្ថម្ភគាំទ្រទាំងសម្ភារៈ និងថវិកា រួមចំណែកជាមួយរដ្ឋបាលខេត្តសម្រាប់ ប្រើប្រាស់ក្នុងការផ្តល់រង្វាន់លើកទឹកចិត្ត និងផ្គត់ផ្គង់ដល់កីឡាករកីឡាការិនី និងសម្រាប់ដោះស្រាយការចំណាយ ផ្សេងៗក្នុងពិធីនេះ។
រដ្ឋបាលខេត្ត មានក្តីសង្ឃឹមយ៉ាងកក់ក្តៅទុកជាមុន ចំពោះសម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ ប្រជាពលរដ្ឋ ក្រុមហ៊ុន អាជីវករ អង្គការ សមាគមជាតិ-អន្តរជាតិ ព្រមទាំងសប្បុរសជនទាំងអស់ពិតជាចូលរួមជួយឧបត្ថម្ភ គាំទ្រ ប្រកបដោយ ស្មារតីសាមគ្គី ថែរក្សាវប្បធម៌ ប្រពៃណីដ៏ល្អផូផង់ របស់ជាតិយើងជាក់ជាពុំខាន។ រាល់ការឧបត្ថម្ភ សូមមេត្តា ទំនាក់ទំនងជាមួយគណៈកម្មការរៀបចំការប្រណាំងទូកខេត្ត ឬទីចាត់ការហិរញ្ញវត្ថុសាលាខេត្តកំពង់ធំ ចាប់ពីថ្ងៃ ជូនដំណឹងនេះតទៅ ។
រដ្ឋបាលខេត្ត សូមគោរពជូនពរ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី សប្បុរសជន ក្រុមហ៊ុន អាជីវករ អង្គការសមាគមជាតិ-អន្តរជាតិ សូមជួបប្រទះ នូវពុទ្ធពរ ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕





ប្រភព៖ រដ្ឋបាលខេត្តកំពង់ធំ
- Share This Post:






