ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពស់ទឹកទន្លេខេត្តកំពង់ចាម ហក់ឡើងដល់កម្ពស់ជិត១៤ម៉ែត្រ បណ្តាលឱ្យផ្លូវមួយចំនួនបានលិច ដោយត្រូវឆ្លងតាមរយៈទូកចម្លង

    BY Khmernote Media September 24, 2024
    កម្ពស់ទឹកទន្លេខេត្តកំពង់ចាម ហក់ឡើងដល់កម្ពស់ជិត១៤ម៉ែត្រ បណ្តាលឱ្យផ្លូវមួយចំនួនបានលិច ដោយត្រូវឆ្លងតាមរយៈទូកចម្លង

    ខេត្តកំពង់ចាម៖ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តកំពង់ចាម បានឱ្យដឹងថា កំណាត់ផ្លូវនានាទាំងផ្លូវដី និងផ្លូវបេតុងមួយចំនួន ស្ថិតនៅក្នុងភូមិសាស្ត្រនានាក្នុងខេត្តកំពង់ចាម ត្រូវបានទទួលរងជនលិចដោយសារទឹកទន្លេមេគង្គ អស់ជាច្រើនថ្ងៃមកហើយ ដូចជាផ្លូវនៅចំណុចភូមិសាស្ត្រក្នុងឃុំកោះសូទិន ត្រូវបានជនលិច និងត្រូវឆ្លងតាមរយៈ ទូកចម្លងទើបអាចធ្វើដំណើរទៅផ្ទះបាន ខណៈដែលទឹកទន្លេមេគង្គនៅតែបន្តហក់កើនឡើង។

    បើយោងតាមលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានបញ្ជាក់ ថា ចំពោះស្ថានភាពទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤នេះ បានបន្តឡើងថែមទៀតដល់កម្ពស់១៣.៩០ម៉ែត្រ ធៀបថ្ងៃម្សិលមិញទឹកឡើង០,១៤ម៉ែត្រ។ ដោយឡែកកម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ២០២៣ ទឹកទន្លេមានកម្ពស់១២,៥៧ម៉ែត្រ ខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥,២០ម៉ែត្រ។

    ដោយឡែកលោកប្រធានស្ថានភាពទឹកទន្លេមេគង្គឡើងដល់ជិត ១៤ម៉ែត្រនេះធ្វើឱ្យព្រែកចំនួន ៣៦ក្នុងចំណោម ៤១ព្រែកទទួលបាននូវរបបទឹកទន្លេមេគង្គក្នុងនោះរួមមាន៖

    ១-ស្រុកស្ទឹងត្រង់៖ ៥/៥ព្រែក
    ២-ស្រុកកំពង់សៀម៖ ៩/១១ព្រែក
    ៣-ស្រុកកងមាស៖ ១០/១៣ព្រែក
    ៤-ស្រុកកោះសូទិន៖ ៥/៥ព្រែក
    ៥-ស្រុកស្រីសន្ធរ៖ ៧/៧ព្រែក។

    ជាមួយគ្នានេះដែរ លោក អ៊ុម វិបុល បានបញ្ជាក់ទៀតថា សម្រាប់ស្ថានភាពអាកាសធាតុមានភ្លៀងផ្គររន្ទះកម្រិតតិចទៅបង្គួរក្នុងបរិមាណជាមធ្យមពី១០% ទៅ២០% និងមានខ្យល់ខ្លាំងមកទិសទក្សិណល្បឿនពី ១ទៅ៤ម៉ែត្រក្នុង១វិនាទី ៕

    ប្រភព៖ មន្ទីរព័ត៌មាន ខេត្តកំពង់ចាម Kg.Cham Provincial Department Of Information

    Share This Post: