អ្នកបើករថយន្ត Ford Ranger បង្កគ្រោះថ្នាក់ចរាចរណ៍នៅស្ពានឫស្សីកែវ ត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ ៥ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២០លានរៀល
- September 26, 2024
រាជធានីភ្នំពេញ៖ យោងតាមការចេញផ្សាយរបស់ សាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍ នៅចំណុចស្ពានឫស្សីកែវ។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ សូមជម្រាបជូនថា នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤នេះ ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសជាសាធារណៈ នូវសាលក្រមព្រហ្មទណ្ឌលេខ ៣៨៦៧ «វ» នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ នៅក្នុងសំណុំរឿងព្រហ្មទណ្ឌ លេខ ៤៩០ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ បានសម្រេចផ្តន្ទាទោសជនជាប់ចោទឈ្មោះ នាង សំអូន ភេទប្រុស អាយុ ៥៦ឆ្នាំ ដាក់ពន្ធនាគារកំណត់រយៈពេល ០៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២០ ០០០ ០០០ (ម្ភៃលាន) រៀល ពីបទ បើកបរស្ថិតក្នុងស្ថានភាពស្រវឹងបង្កគ្រោះថ្នាក់បណ្តាលឱ្យស្លាប់ និងរបួសអ្នកដទៃ ប្រព្រឹត្តនៅចំណុច ស្ពានឫស្សីកែវ ប្រសព្វផ្លូវជាតិលេខ៥ និងស្ពានឫស្សីកែវថ្មី ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមមាត្រា ៨៣ កថាខណ្ឌទី២ ចំណុច ខ ចំណុចគ និងមាត្រា ៨៥ កថាខណ្ឌទី២ចំណុចខ ចំណុច គ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ សូមបញ្ជាក់ជូនថា ករណីនេះ ទោះបីជាដើមបណ្តឹងរដ្ឋប្បវេណី ទាំងអស់បានទទួលសំណង និងដកពាក្យបណ្តឹងរួចហើយក៏ដោយ ក៏ចៅក្រមជំនុំជម្រះបានប្រកាសទោសដាក់ ពន្ធនាគារក្នុងកម្រិតអតិបរមានៃទោសដែលច្បាប់បានកំណត់ និងបានប្រកាសទោសបន្ថែមលើជនជាប់ចោទឈ្មោះ នាង សំអូន ដោយហាមឃាត់ចំពោះការបើកបរយានយន្តគ្រប់ប្រភេទរយៈពេល ៥ឆ្នាំ បន្ទាប់ពីបានអនុវត្តទោស ចប់ក្នុងពន្ធនាគារ។
សូមជម្រាបជូនថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍យ៉ាងស្រោកសង្រេងនេះ បានកើតឡើងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ១៨៖៤០នាទី នៅចំណុចស្តុបស្ពានឫស្សីកែវ ផ្លូវជាតិលេខ៥ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តម៉ាក Ford Ranger ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ ២AZ-៥៨៥៤ បើកបរដោយឈ្មោះ នាង សំអូន ភេទប្រុស មុខរបរមន្ត្រីនៅក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ មានទីលំនៅផ្ទះលេខ៤០A ផ្លូវលេខ២១០ ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ។
បើកបរល្បឿនលឿនក្នុងស្ថានភាពស្រវឹង (កម្រិតជាតិអាកុល ០.៥៤) ទៅបុករះរថយន្តចំនួន០២គ្រឿង (រថយន្តម៉ាក Lexus NX២០០T, រថយន្តម៉ាក Toyota Vitz) និងម៉ូតូចំនួន០៤គ្រឿង(ម៉ូតូម៉ាក Honda Click, ម៉ូតូម៉ាក Honda Beat, ម៉ូតូម៉ាក Honda Dream, ម៉ូតូម៉ាក Honda Scoopy) សរុបចំនួន០៦គ្រឿង បណ្តាលឱ្យមានមនុស្សបាត់បង់ជីវិត នៅកន្លែងកើតហេតុ ៤នាក់ ស្រី៣នាក់ និងរងរបួសធ្ងន់ ០២នាក់ (ស្រី) បញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ ៕




ប្រភព៖ សាលាដំបូងរាជធានីភ្នំពេញ
- Share This Post:






