ព័ត៌មានជាតិ

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ក្រើនរំលឹកដល់ប្រជាពលរដ្ឋ កំពុងរងគ្រោះដោយទឹកជំនន់ក្នុងខេត្តកំពង់ចាម បង្កើនការប្រុងប្រយ័ត្នខ្ពស់

BY
Khmernote Media
September 26, 2024

ខេត្តកំពង់ចាម៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អមដំណើរដោយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម និងក្រុមការងារ អញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ទន្លេមេគង្គ និងសួរសុខទុក្ខប្រជាពលរដ្ឋ ដែលបានជម្លៀសមកទីទួលសុវត្ថិភាព ស្ថិតនៅក្នុងឃុំពង្រ និងឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម។

នាឱកាសនោះដែរ ឯកឧត្តមកិត្តិសង្គហបណ្ឌិត អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ដែលកំពង់រងគ្រោះដោយទឹកជំនន់ និងបានជម្លៀសមកកាន់ទីទួលសុវត្ថិភាព ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ទាំងសុវត្ថិភាព សុខភាព និងការរក្សាអនាម័យ ជាពិសេស កុំបណ្ដែតបណ្ដោយឲ្យកូនៗ ឬក្មេងតូចៗលែងទឹក នៅតាមតំបន់ប្រឈមគ្រោះថ្នាក់ឡើយ ។

ក្រៅពីនោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត បានណែនាំដល់អាជ្ញាធរមូលដ្ឋាន បន្តការយកចិត្តទុកដាក់ ចំពោះសុវត្ថិភាពប្រជាពលរដ្ឋ ទាំងតាមខ្នងផ្ទះដែលទទួលការគម្រាមកំហែងដោយទឹកជំនន់ និងទាំងប្រជាពលរដ្ឋ ដែលជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ។

ស្ថិតក្នុងឱកាសនោះដែរ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម និងឯកឧត្ដម អភិបាលខេត្តកំពង់ចាម ក៏បានឧបត្ថម្ភ សម្ភារៈមួយចំនួន ដល់គ្រួសារពលរដ្ឋ ដែលបានជំលៀសមកទីទួលសុវត្ថិភាពចំនួន ០២គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបាន ៖ អង្ករ ២៥គីឡូ ទឹកស៊ីវអ៊ីវ ១យួរ ត្រីខកំប៉ុង ១យួរ មី ១កេសតូច និងសម្ភារៈប្រើប្រាស់ផ្សេងៗ សរុបថវិកាចំនួន ៤៧០.០០០រៀល ។

បើតាមរបាយការណ៍របស់ លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ចាម បានឱ្យដឹងថា ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គ ខេត្តកំពង់ចាម បានឡើងកម្ពស់ ១៤,៣០ម៉ែត្រ ធៀបទៅនឹងថ្ងៃម្សិលមិញ ទឹកបានឡើង ០,២០ម៉ែត្រ បើធៀបទៅនឹងឆ្នាំកន្លងទៅ ទឹកមានកម្ពស់ត្រឹមតែ ១២,១៦ម៉ែត្រ ប៉ុណ្ណោះ ខណៈពេលដែលកម្រិតកម្ពស់ទឹក ត្រូវប្រកាសអាសន្ន នៅខេត្តកំពង់ចាម មានកម្ពស់ ១៥,២០ម៉ែត្រ នោះ ។ មកដល់ពេលនេះ ព្រែក បឹងបួរ ចំនួន ៣៧ លើ ៤១ព្រែក របស់ខេត្តកំពង់ចាម មានទឹកហូរចូលរួចហើយ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: