ចូលរួមរក្សាលើកស្ទួយទំនៀមទំលាប់ប្រពៃណីខ្មែរ លោកអ្នកឧកញ៉ា លាង ឃុន ឧបត្ថម្ភថវិកា ៥០ លានរៀល អបអរពិធីប្រណាំងទូកថ្នាក់ខេត្តនៅក្រុងតាខ្មៅ
លោកអ្នកឧកញ៉ា លាង ឃុន ជាសហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង បានឧបត្ថម្ភជាថវិកាចំនួន ៥០ លានរៀល ទឹកពិសាកម្ពុជាចំនួន ៥០ កេស និងទឹកក្រូចអាយ៍ចំនួន ៣០០ កេស ជូនដល់រដ្ឋបាលខេត្តកណ្ដាលក្នុងពិធីប្រណាំងទូក ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យអ៊ុំទូក បណ្ដែតប្រទីប និងសំពះព្រះខែអកអំបុក ដែលប្រារព្ធឡើងនៅមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលបានប្រព្រឹត្តធ្វើឡើងនៅច្រាំងទន្លបាសាក់សួនច្បារក្រុងតាខ្មៅ ខេត្តកណ្ដាល ចាប់ពីថ្ងៃទី ១៧ ដល់ ១៨ តុលា ២០២៤។

ក្រុមហ៊ុន ជីប ម៉ុង តែងតែចូលរួមយ៉ាងសកម្មជាមួយប្រមុខរាជរដ្ឋាភិបាល និងក្នុងការផ្តល់ត្រលប់ទៅសង្គមវិញលើវិស័យជាច្រើនរួមមានវិស័យសុខាភិបាល អប់រំ បរិស្ថាន ទេសចរណ៍ ព្រមទាំងសកម្មភាពសង្គម និងមនុស្សធម៌ជាច្រើនទៀត ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងកិច្ចការសង្គម។
ការឧបត្ថម្ភនេះ ជាការផ្តល់កម្លាំងចិត្ត ទៅដល់ក្រុមការងារ និងបងប្អូនកីឡាករចំណុះទូកទាំងអស់ ដើម្បីរៀបចំអោយព្រឹត្តិការណ៍នេះទទួលបានជោគជ័យ និងប្រកបដោយភាពរលូន ក៏ដូចជារួមចំណែកក្នុងការថែរក្សាលើកស្ទួយទំនៀមទំលាប់ប្រពៃណីខ្មែរផងដែរ។
ពិធីប្រណាំងទូកឆ្នាំនេះ បានធ្វើឡើងក្រោមអធិបតីភាពលោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គួច ចំរើន អភិបាលខេត្តកណ្តាល ដោយមានការចូលរួមពីក្រុមកីឡាករចំណុះទូកជាច្រើននាក់ ដែលបានប្រណាំងទូក ជាមួយនឹងស្នូរគាស់ទឹកបែកខ្ចាយលើផ្ទៃទន្លេបាសាក់ បង្ហាញឲ្យឃើញពីភាពក្លៀវក្លាពេញដោយកម្លាំង អុំទូកយ៉ាងចាស់ដៃជាមួយនឹងស្នូរសម្លេងស្រែកហ៊ោរកញ្រ្ជៀវពីសំណាក់ពលរដ្ឋរាប់ពាន់នាក់មកទស្សនាកម្សាន្តផ្ទាល់។
ការប្រណាំងទូកនៅទន្លេក្រុងតាខ្មៅឆ្នាំ ២០២៤ នេះមានទូកចូលរួមប្រណាំងចំនួន ៦៦ទូក ក្នុងនោះ៖ ទូកអុំចំនួន៣៣ទូក ទូកចែវ៦ទូក ទូកអន្តរជាតិ ២៧ទូក ។ ទូកចូលរួមប្រណាំងទាំងអស់គឺមកពីខេត្តកណ្តាលចំនួន៤១ទូក ទូករាជធានី ភ្នំពេញចំនួន៣ទូក និងបញ្ជាការដ្ឋានអង្គរក្សចំនួន២ទូក មានកម្លាំងចំណុះទូកសរុប ៣,៩៩៤នាក់៕



