PR

សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំរដ្ឋបាលខេត្តកែបគ្រប់គ្រងឱ្យបាន និងមិនឱ្យមានដាច់ខាតសកម្មភាពសង្គមងងឹត ចោរកម្ម និងល្បែងស៉ីសងគ្រប់ប្រភេទ

BY
Liny Chan
November 11, 2024

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់រដ្ឋបាលខេត្តកែប ត្រូវតែលុបបំបាត់ចោលទាំងស្រុងចំពោះសកម្មភាពក្រុមសង្គមងងឹត ចោរកម្ម និងល្បែងស៉ីសងគ្រប់ប្រភេទ ដើម្បីធានាដល់សន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលមកកម្សាន្ដនៅខេត្តមាត់សមុទ្រមួយនេះ។

សម្ដេចបានដាក់ចេញការណែនាំខាងលើនេះ នៅក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «វិថីតេជោសន្តិភាព​ឆ្នេរអង្កោល» ដែលមានតម្លៃជាង ១០លានដុល្លារ នៅទឹកដីខេត្តកែប នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រសាសន៍ថា៖ « តំបន់ទេសចរណ៍ដាច់ខាតត្រូវតែមានសន្តិសុខ សុវត្ថិភាព អត់មានអ្នកណាចង់មកកែបល្បីខាងចោរប្លន់ ចោរលួច ឬមួយក៏មានបញ្ហានោះទេ ហើយកិច្ចការនេះ ត្រូវធ្វើសកម្មភាពគ្រប់គ្រងឲ្យបាន បញ្ហាល្បែងស៊ីសង ក្មេងទំនើង និងចោរក​ម្មផ្សេងៗ ដើម្បីឱ្យប្រជាពលរដ្ឋនៅក្នុងស្រុក ក្នុងខេត្ត និងអ្នកទេសចរណ៍ មកលេងមានអារម្មណ៍ល្អ មាន សុវត្ថិភាព មកលេងដោយមិនមានបាតុភាពផ្សេងៗ។ ជាពិសេសមើលវត្តមាននៃសង្គមងងឹត ក្រុមជនបរទេសដែលមកជួលផ្ទះលួចបើកឆបោកអនឡាញ ធ្វើឱ្យបានគ្រប់ឱ្យជាប់ ត្រូវធ្វើម៉េចកុំឱ្យមាននៅក្នុងខេត្តកែប និងខេត្តផ្សេងៗទៀត»។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានប្រសាសន៍បន្តទៀតថា៖ « ប្រសិនបើខេត្តកែប បាត់ឈ្មោះជាខេត្តមានសុវត្ថិភាព មានអនាម័យល្អ កុំថាកែបជាដុំពេជ្រ អត់ទៅរួចទេ គេទៅហួសហើយ គេទៅកំពត គេទៅកំពង់សោម មកយ៉ាងម៉េចបើមកមានបញ្ហា អ៉ីចឹងដាច់ខាតត្រូវថែរក្សាសុវត្ថិភាពឱ្យបាន»៕

អត្ថបទ៖ លីនី

Share This Post: