សាកលវិទ្យាល័យមួយនៅជប៉ុន មិនឲ្យគ្រូបង្រៀន ឬសាស្រ្តាចារ្យណាម្នាក់ ដែលជក់បារី ឲ្យមកបង្រៀនសិស្សឡើយ
ក្រុមមន្ត្រីជប៉ុនបាននិយាយនៅថ្ងៃអង្គារ ទី២៣ ខែមេសា ម្សិលមិញថា សាកលវិទ្យាល័យមួយរបស់ប្រទេសជប៉ុននឹងឈប់ជួលសាស្រ្តាចារ្យ និងគ្រូបង្រៀនមួយណា ដែលជក់បារី ខណៈដែលប្រទេសនេះបានបោះជំហានក្នុងយុទ្ធនាការប្រឆាំងនឹងការជក់បារី មុនពេលព្រឹត្តិការណ៍អូឡាំពិក ឆ្នាំ២០២០ ឈានចូលមកដល់។ អ្នកនាំពាក្យនៃសកលវិទ្យាល័យ Nagasaki លោក Yusuke Takakura បានប្រាប់ AFP ថា ពួកគេបានឈប់ជួលបុគ្គលិកបង្រៀនដែលជក់បារី បើទោះបីជាបេក្ខជនសន្យាថា នឹងឈប់ជក់ក៏ដោយ។

លោក Takakura បាននិយាយថា សាកលវិទ្យាល័យក៏នឹងហាមឃាត់ការជក់បារីទាំងស្រុងនៅក្នុងបរិវេណសាលាចាប់ពីខែសីហា ហើយក៏នឹងបើគ្លីនិកមួយទុកព្យាបាលអ្នកដែលមិនទាន់ផ្តាច់បារីបាន។ គាត់បន្តថា៖ «យើងបានឈានទៅដល់ការសន្និដ្ឋានមួយថា អ្នកជក់បារីគឺមិនសាកសមនៅក្នុងវិស័យអប់រំនោះទេ»។ លោកបានបន្ថែមថា សាកលវិទ្យាល័យបានស្វែងរកការប្រឹក្សាផ្នែកច្បាប់ ហើយពួកគេច្បាស់ថា ការហាមឃាត់នេះមិនបានប្រឆាំងនឹងច្បាប់រើសអើងនោះទេ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា Nagasaki ជាសាកលវិទ្យាល័យដែលគ្រប់គ្រងដោយរដ្ឋដំបូងគេបង្អស់ ដែលណែនាំពីលក្ខខណ្ឌនៃការងារ ហើយការផ្លាស់ប្តូរនេះកើតឡើងបន្ទាប់ពីរដ្ឋាភិបាលក្រុងតូក្យូបានអនុម័តច្បាប់ប្រឆាំងនឹងការជក់បារីកាលពីឆ្នាំមុន មុនការមកដល់នៃព្រឹត្តិការណ៍អូឡាំពិករដូវក្តៅ ឆ្នាំ២០២០។ ប្រទេសជប៉ុនធ្លាប់តែជាឋានសួគ៌របស់អ្នកជក់បារី ដែលពីមុនមកពួកអ្នកជក់បារីអាចអុចបារីជក់បានគ្រប់កន្លែង មិនថាក្នុងភោជនីយដ្ឋាន និងបារ៍ផ្សេងៗ៕

អត្ថបទ៖ លីដា
ប្រភព៖ channelnewsasia