ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រថយន្ដធុនធ្ងន់ ០៣គ្រឿង ត្រូវបានពិន័យជាសាច់ប្រាក់ និងឃាត់ទុក ០១ឆ្នាំ ដោយសារដឹកជញ្ជូនលើសទម្ងន់កំណត់ នៅស្រុកបាធាយ ខេត្តកំពង់ចាម

    BY soknita November 20, 2024
    រថយន្ដធុនធ្ងន់ ០៣គ្រឿង ត្រូវបានពិន័យជាសាច់ប្រាក់ និងឃាត់ទុក ០១ឆ្នាំ ដោយសារដឹកជញ្ជូនលើសទម្ងន់កំណត់ នៅស្រុកបាធាយ ខេត្តកំពង់ចាម

    (ខេត្តកំពង់ចាម)៖ កាលពីថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ និងសមាជិកក្រុមការងារចល័តចម្រុះ ព្រមទាំងកងកម្លាំងពាក់ព័ន្ធ បានចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅផ្លូវជាតិលេខ៦ ត្រង់គីឡូម៉ែត្រ លេខ៤៦+៣០០ ស្រុកបាធាយ ខេត្តកំពង់ចាម។

    នៅក្នុងប្រតិបត្តិការខាងលើ ក្រុមការងារបានត្រួតពិនិត្យយានយន្តចំនួន ០៣ គ្រឿង បានផ្ទុកទម្ងន់សរុបចន្លោះពី ៦២តោន ដល់៨៧តោន លើសទម្ងន់កម្រិតកំណត់ចន្លោះពី ១៧តោន ដល់៤២តោន គិតជាភាគរយគឺលើសចន្លោះពី ៣៧% ដល់ ៩៣% ដែលច្បាប់អនុញ្ញាត ត្រូវបានពិន័យអន្តរការណ៍ជាប្រាក់ និងឃាត់ទុករយៈពេល ០១ឆ្នាំ ទាំង០៣គ្រឿង ដោយអនុលោមតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០។

    ក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើសុំដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនទំនិញ ម្ចាស់រថយន្តធុនធ្ងន់ និង អ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ដែលប្រកបរបរដឹកជញ្ជូនទំនិញ សូមចូលរួមបញ្ឈប់ការប្រើប្រាស់ឡូហ្គោផ្សេងៗបិទជាប់ឡាន និងកុំដឹកជញ្ជូនទំនិញលើសទម្ងន់កម្រិតកំណត់ ដែលឈានទៅដល់ការឃាត់រថយន្តទុកចំនួន ១ឆ្នាំ ដែលនាំឱ្យប៉ះពាល់ដល់ការប្រកបរបរដឹកជញ្ជូន និងជីវភាពរស់នៅប្រចាំថ្ងៃ និងសូមបញ្ជាក់ថារាល់ការអន្តរាគមន៍ទាំងអស់ គឺពុំមានប្រសិទ្ធភាព និងត្រូវបានបញ្ចប់៕

    ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

    Share This Post: