រដ្ឋមន្ត្រីការពារជាតិកំពូលរបស់ស្រីលង្កា លាលែងពីតំណែង ក្រោយកើតមានករណីបំផ្ទុះគ្រាប់បែកសម្លាប់មនុស្សជាង៣០០នាក់ កាលពីសប្តាហ៍មុន
មន្រ្តីការពារជាតិកំពូលរបស់ប្រទេសស្រីលង្កាបានលាលែងពីតំណែងកាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ជុំវិញការបរាជ័យផ្នែកសន្តិសុខជាតិ។ ភាពទន់ខ្សោយផ្នែកសន្តិសុខនេះបណ្ដាលឱ្យមានការវាយប្រហារដោយបំផ្ទុះគ្រាប់បែកអត្តឃាត និងបានសម្លាប់មនុស្សរាប់រយនាក់ ខណៈព្រះវិហារកាតូលិកទាំងអស់បានបិទទ្វារ ដោយសារខ្លាចមានការវាយប្រហារបែបនេះបន្ថែមទៀត។ រដ្ឋាភិបាលរបស់ប្រទេសស្រីលង្កា បានស្ថិតក្រោមសម្ពាធកាន់តែខ្លាំងលើវិវរណៈ ដែលខ្លួនបានបរាជ័យក្នុងពង្រឹងសន្តិសុខជាតិ ដែលជាមូលហេតុឱ្យមានការលបបំផ្ទុះគ្រាប់បែកអត្តឃាតសម្លាប់ជីវិតជិត ៣៦០នាក់ ។

រដ្ឋមន្ត្រីការពារជាតិកំពូលលោក Hemasiri Fernando ត្រូវបានគេរំពឹងថា នឹងចុះចេញពីតំណែងឆាប់ៗ ខណៈមន្រ្តីក្រសួងការពារជាតិម្នាក់បាននិយាយថា លោក Fernando បានដាក់លិខិតលាលែងពីតំណែងទៅប្រមុខរដ្ឋនៃប្រទេសស្រីលង្កាលោក Maithripala Sirisena រួចរាល់ហើយ។ លោក Hemasiri Fernando គាត់បានសរសេរទៅប្រធានាធិបតីថា គាត់ទទួលយកការទទួលខុសត្រូវ និងលាលែងពីតំណែង ដើម្បីឱ្យប្រធានាធិបតីអាចតែងតាំងអ្នកថ្មីបាន។ យ៉ាងណាមិញភាពតានតឹងនៅតែមានកម្រិតខ្ពស់ ដោយរដ្ឋធានី Colombo បានកំពុងប្រុងប្រយ័ត្នលើពាក្យចចាមអារាមដែលថា មានគ្រាប់បែកថ្មី ប៉ុន្តែប៉ូលីសបាននិយាយថា មិនមានរបាយការណ៍ណាគួរឱ្យទុកចិត្តអំពីឧបករណ៍ផ្ទុះទេ៕

អត្ថបទ៖ លីដា
ប្រភព៖ thedefensepost