បច្ចេកវិទ្យា

Apple ប្រកាសប្រមូលដុំសាកក្បាល៣ត្រលប់មកវិញ ដោយសារអាចបណ្តាលឲ្យឆក់ដល់អ្នកប្រើប្រាស់

BY
Khmernote Media
April 26, 2019

សិង្ហបុរី៖ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Apple បានប្រកាសប្រមូលដុំសាក ដែលមានជើងដោតបីសម្រាប់ប្រើក្នុងប្រទេសអង់គ្លេស ហុងកុង និងសឹង្ហបុរី ចូលមករោងចក្រវិញ ។ ក្រុមហ៊ុននេះបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា ដុំសាកនោះ វាងាយនឹងបែកហើយអាចបង្កជាហានិភ័យខ្ពស់ ដែលបណ្ដាលឲ្យឆក់បានដល់អ្នកប្រើប្រាស់ ។ ហើយចំពោះការប្រមូលយកមកវិញនេះ វាក៏បានប៉ះពាល់ដល់ដុំសាក ដែលភ្ជាប់ជាមួយកុំព្យួទ័រ Mac និងឧបករណ៍មួយចំនួនរបស់ iOS ចន្លោះពីឆ្នាំ 2003 និងឆ្នាំ 2010 ក៏ដូចជាឧបករណ៍អេឡិចត្រូនិក Apple World Travel Adapter Kit ផងដែរ។

ដុំសាកចាស់ ដែលមានបញ្ហា

យោងតាមក្រុមហ៊ុនបានឲ្យដឹងថា ដុំសាកដែលមានផលប៉ះពាល់ភាគច្រើនគឺពណ៌ស ដែលគ្មានអក្សរនៅខាងរន្ធដោតនោះទេ ហើយសម្រាប់ដុំសាកថ្មីគឺមានពណ៌សជាមួយនឹងប្រផេះ ។ ដើម្បីសុវត្តិភាពរបស់អតិថិជន Apple បានប្រកាសឲ្យអតិថិជនកុំប្រើប្រាស់ដុំសាកជំនួយ ដែលវាពិតជាផលប៉ះពាល់ខ្លាំង ។ អតិថិជនគួរតែចូលទៅកាន់គេហទំព័ររបស់ Apple ដើម្បីទទួលបានព័ត៌មានលម្អិតអំពីរបៀបផ្លាស់ប្តូរ។ របាយការណ៍នេះបាននិយាយថា ការផ្លាស់ប្តូរនេះនឹងមិនគិតថ្លៃឡើយ ការប្រមូលមកវិញនេះ ក៏មិនប៉ះពាល់ដល់ USB របស់ Apple ដែរ៕

ដុំសាកថ្មី

អត្ថបទ៖ ឧស្សាហ៍
ប្រភព៖ channelnewsasia

Share This Post: