នារីវ័យ២១ឆ្នាំម្នាក់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ខណៈអង្គុយមើល Avengers: Endgame ហើយយំតាំងពីបើកឆាករហូតដល់ចប់រឿង
Avengers: Endgame កំពុងក្លាយជាប្រធានបទក្តៅគគុកនៅតាមបណ្តាលបណ្តាញសង្គមធំៗ ហើយវាក៏គួរតែបែបហ្នឹងដែរព្រោះថា វាទទួលបានការគាំទ្រតាំងតែពីចេញ trailer ដំបូងមកម្ល៉េះ។ វាត្រូវបានគេឱ្យដឹងថា ជាភាពយន្តដែលមានរយៈពេលវែងបំផុតរបស់ Marvel Cinematic Universe សូម្បីតែលោក Chris Evans ដែលសម្តែងជា Captain America ក៏បង្ហើបថា គាត់បានយំ ៦ដង អំឡុងពេលមើលសង្គ្រាមចុងក្រោយនៃវីរជន Avengers មួយនេះដែរ។

យោងតាម sn.people បានឱ្យដឹងថា និស្សិតស្រីម្នាក់អាយុ ២១ឆ្នាំ មកពីប្រទេសចិនបានយំរហូតរយៈពេល ៣ម៉ោង នៃខ្សែភាពយន្ត Avengers: Endgame ដែលតម្រូវឱ្យគាត់ទៅធ្វើការព្យាបាលនៅមន្ទីរពេទ្យភា្លម។ ហេតុការណ៍នេះបានកើតឡើងចំថ្ងៃបញ្ចាំងដំបូងតែម្តង (ទី២៤ ខែមេសា) នៅឯខេត្ត Zhejiang ប្រទេសចិន ដោយនារីរងគ្រោះបានណាត់គ្នាជាមួយមិត្តភក្តិទៅមើខ្សែភាពយន្តនេះ។
ប្រភពដដែលបានឱ្យដឹងថា ដោយសារតែនារីរងគ្រោះបានយំតាំងតែពីចាប់ផ្តើមរហូតដល់បញ្ចប់រឿង ហើយមានឈុតខ្លះបានធ្វើឱ្យនាងស្រែកយំខ្លាំងៗផងនោះ ទើបបណ្តាលឱ្យនាងចុកទ្រូង និងពិបាកដកដង្ហើមក្រោយពេលមើលរឿងចប់។ មិត្តរបស់នាងក្រោយពេលឃើញនារីម្នាក់នេះមានអាការចុកទ្រូង ស្ពឹក និងពិបាកដកដង្ហើមដូចអ្នកឈឺចុកចាប់ដំណាក់កាលចុងក្រោយបែបនេះ ក៏សម្រេចចិត្តហៅរថយន្តសង្គ្រោះបន្ទាន់មកភ្លាម។ យ៉ាងណាមិញនារីរងគ្រោះបានធូរស្រាលវិញហើយ បន្ទាប់ពីបានទទួលការព្យាបាលពីមន្ទីរពេទ្យ៕

អត្ថបទ៖ លីដា
ប្រភព៖ worldofbuzz