ច្បាស់ការណ៍ហើយ! Netflix បានចុះហត្ថលេខាជាស្ថាពរ លើកិច្ចព្រមព្រៀងផលិតភាពយន្តជាមួយនឹងក្រុមកុមារទាំង ១២នាក់ ដែលធ្លាប់ជាប់ក្នុងល្អាងថាំហ្លួង
ក្រុមហ៊ុន Netflix បានឱ្យដឹងកាលពីថ្ងៃអង្គារនេះថា ខ្លួនបានធានានូវសិទិ្ធបង្កើតខ្សែភាពយន្តប្រភេទ «miniseries» ស្តីពីការជួយសង្គ្រោះក្មេងប្រុសទាំង ១២នាក់ និងគ្រូបង្វឹកបាល់ទាត់របស់ពួកគេ ពីរូងភ្នំថាំហ្លួងនៅភាគខាងជើងប្រទេសថៃកាលពីឆ្នាំមុន ដែលវាធ្វើឱ្យមានការចាប់អារម្មណ៍ជាអន្តរជាតិ។ លោកស្រី Erika North ប្រធានក្រុមហ៊ុន Netflix បាននិយាយថា៖ «រឿងនេះរួមបញ្ចូលគ្នានូវភាពពិសេសជាលក្ខណៈក្នុងស្រុក និងជាសកល ដែលផ្សាភ្ជាប់មនុស្សពីគ្រប់ស្រទាប់មកពីគ្រប់ទិសទីនៅជុំវិញពិភពលោក»។

អ្នកស្រីបានបន្ថែមថា ប្រទេសថៃគឺជាទីផ្សារដ៏សំខាន់បំផុតរបស់ក្រុមហ៊ុន Netflix ហើយគាត់កំពុងទន្ទឹងរង់ចាំនាំយករឿងរ៉ាវដ៏មានភាពបំផុសគំនិតមួយនេះ មកធ្វើជាភាពយន្តឱ្យពិភពលោកបានដឹង។ គួររំលឹកផងដែរថា ក្រុមកីឡាបាល់ទាត់ «Wild Boars» ដែលជាក្រុមមានកុមារាអាយុចន្លោះពី ១១ ទៅ ១៦ឆ្នាំ និងគ្រូបង្វឹកវ័យ ២៥ឆ្នាំ របស់ពួកគេ បានជាប់ក្នុងល្អាងថាំហ្លួងកាលពីថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០១៨ ។
កិច្ចខិតខំប្រឹងប្រែងអស់រយៈពេល ១៧ថ្ងៃ ដើម្បីជួយសង្គ្រោះពួកគេ បានប្រមូលផ្ដុំដោយអ្នកជំនាញមកពីប្រទេសផ្សេងៗជុំវិញពិភពលោកដែលបានស្ម័គ្រចិត្តជួយ។ យ៉ាងណាមិញជំនួយការគ្រូបង្វឹកលោក Ekkapol Chantapong បាននិយាយថា ពួកក៏គេរង់ចាំធ្វើការជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីធានាថារឿងរ៉ាវរបស់ពួកគេគឺត្រឹមត្រូវតាមដំណើររឿង៕

អត្ថបទ៖ លីដា
ប្រភព៖ reuters