ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រោកពីគេងក៏បាត់កាស AirPod មួយចំហៀង! ខំដើររកក្រោមភួយ និងគ្រប់កន្លុកកន្លៀត ទីបំផុតទើបដឹងថានៅក្នុងពោះខ្លួនឯងសោះ

    BY autoadmin May 4, 2019
    ក្រោកពីគេងក៏បាត់កាស AirPod មួយចំហៀង! ខំដើររកក្រោមភួយ និងគ្រប់កន្លុកកន្លៀត ទីបំផុតទើបដឹងថានៅក្នុងពោះខ្លួនឯងសោះ

    បុរសជនជាតិតៃវ៉ាន់ម្នាក់បានច្រឡំលេបកាស Airpod ដោយចៃដន្យពេលដែលគាត់កំពុងគេងលក់ ប៉ុន្តែអ្វីដែលកាន់តែធ្វើឱ្យមានការភ្ញាក់ផ្អើលគឺកាសឥតខ្សែនៅតែដំណើរការ ទោះបីវាបានឆ្លងកាត់ចូលទៅក្នុងប្រព័ន្ធរាងកាយរបស់គាត់ក៏ដោយ។ បុរសម្នាក់នោះមានឈ្មោះថា Ben Hsu ជាអ្នកជ្រើសរើសទ័ពជើងទឹក មកពីក្រុង Kaohsiung គាត់ត្រូវបានគេឱ្យដឹងថា គេងស្តាប់កាសទាំងសងខាងធម្មតា ប៉ុន្តែក្រោយងើបពីគេងគាត់ក៏បានបាត់កាសមួយចំហៀង។ ក្រោយមកលោក Hsu ក៏សម្រេចចិត្តប្រើមុខងារស្វែងរកតាមរយៈទូរស័ព្ទ iPhone របស់គាត់ ហើយគាត់ក៏បានឮសំឡេង (beep) របស់វា ដែលបញ្ជាក់ថាវានៅក្នុងបន្ទប់របស់គាត់មិនបាត់ទៅណាឡើយ។

    លោក Ben Hsu បាននិយាយថា៖ «ខ្ញុំបានរកនៅក្រោមភួយ ហើយជុំវិញខ្លួន ប៉ុន្តែមិនអាចរកវាឃើញ» «ក្រោយមកខ្ញុំក៏ដឹងថា សំឡេងរបស់កាសគឺចេញពីពោះរបស់ខ្ញុំ» បន្ទាប់មកលោក Hsu ក៏បានទៅមន្ទីរពេទ្យភ្លាម។ យោងតាមកាសែតអង់គ្លេសបានឱ្យដឹងថា គ្រូពេទ្យបានប្រាប់លោក Hsu ថា Airpod ដែលមានទំហំប្រហែល ៤១មីលីម៉ែត កំពុងមានដំណើរការឆ្លងកាត់តាមប្រព័ន្ធរំលាយអាហាររបស់គាត់។ ដើម្បីជៀសវាងការវះកាត់ លោកគ្រូពេទ្យក៏បានឱ្យថ្នាំ laxative ទៅលោក Hsu និងប្រាប់គាត់កុំភ្លេចពិនិត្យមើលកាកសំណល់ (លាមក) ខ្លួនឯងនៅថ្ងៃបន្ទាប់ផង។

    លុះដល់ថ្ងៃបន្ទាប់ លោក Hsu ក៏បានចូលទៅបន្ទប់ទឹកមួយកន្លែងនៅឯស្ថានីយ៍រថភ្លើង ហើយក៏បានរកឃើញកាសមួយចំហៀងនោះពិតមែន។ បន្ទាប់មកលោកបានយកវាទៅលាងទឹក ហើយទុកវាឱ្យស្ងួត និងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលដឹងថា កាសនោះនៅតែដំណើរការបានធម្មតា។ លោក Hsu បាននិយាយថា «ថ្មរបស់វានៅមាន ៤១% ទៀត! វាពិតជាមិនគួរឱ្យជឿមែន»។ វេជ្ជបណ្ឌិតលោក Chen Chieh-fan ធ្វើការនៅមន្ទីរពេទ្យដែលលោក Hsu ទៅពិនិត្យបាននិយាយថា គាត់ពិតជាមានសំណាងណាស់ ដែលបានរួចជីវិត ព្រោះថាសំបកប្លាស្ទិចនៅជុំវិញ AirPod ដែលគាត់លេបចូលពោះ មានគ្រោះថ្នាក់ដូចនឹងការលេប ថ្មលីចូម-អ៊ីយ៉ុង អីចឹងដែរ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Yahoo News

    Share This Post: