ព្រះសែងខ័ឌ្គជ័យស្រីនៃគ្រឿងបញ្ចក្សេត្រទាំង ៥ របស់ស្តេចថៃ មានដើមកំណើតចេញពីប្រទេសកម្ពុជា
ព្រះសែងខ័ឌ្គជ័យស្រី (Phra Saeng Khan Chai Sri) ដែលជា «ព្រះខ័ឌ្គជ័យ» ជួយរំលឹកប្រជាជនអំពីតួនាទីប្រពៃណីរបស់ស្តេចជាអ្នកចម្បាំងការពារព្រះរាជាណាចក្រ។ អាវុធនេះក៏ជានិមិត្តរូបនៃភាពក្លាហានរបស់ព្រះមហាក្សត្រ និងអំណាចខ្ពស់បំផុតរបស់ទ្រង់ជាអ្នកគ្រប់គ្រង។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺថា អាវុធដ៏សំខាន់របស់ព្រះរាជពង្សាវតាថៃមួយនេះបានមកពីប្រទេសកម្ពុជាយើង។

ព្រះខ័ឌ្គមុខពីរបុរាណនេះ ត្រូវបានគេរកឃើញនៅក្នុងបឹងមួយនៅខេត្តសៀមរាបដោយអ្នកនេសាទក្នុងស្រុកម្នាក់ មុនពេលដែល ចៅពញាអភ័យបដេស ប៉ែន (Chao Phraya Abhaiphubet) អតីតមន្ត្រីក្បត់ជាតិខ្មែរចុះចូលជាមួយសៀម (ដោយកាលនោះខ្មែរស្ថិតក្រោមចំណុះរបស់សៀម) បាននាំយកវាទៅឱ្យព្រះរាមាធិបតីទី១ (King Rama I)។ ក្រោយមកស្តេចថៃក៏មានព្រះរាជបញ្ជា ឱ្យជាងធ្វើដងកាន់ និងស្រោមបន្ថែមលើព្រះខ័ឌ្គមួយដើមនេះ ដែលធ្វើដោយមាស និងមានដាំត្បូងចរណៃ។ នៅជិតដងកាន់របស់ព្រះខ័ឌ្គមួយដើមនេះ ត្រូវបានតុបតែងដោយរូបចម្លាក់ដែលតំណាងឱ្យទេវតា និងសត្វជាច្រើន ដែលអាចបង្ហាញពីអំណាច និងនិមិត្តរូបនៃស្តេច៕


អត្ថបទ៖ លីដា
ប្រភព៖ bangkokpost