សម្ដេចតេជោ សូមឱ្យបងប្អូនប្រជាពលរដ្ឋបញ្ចប់ការវែកញែកចំពោះករណីលោកបណ្ឌិត សុខ ទូច ជាមួយនគរបាលចរាចរណ៍បន្ទាប់ពីសម្ដេចបានមើលឃើញថា រឿងនេះមិនចំណេញ ហើយខាតទាំងសង្ខាង
(រាជធានីភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា សូមឱ្យបងប្អូនប្រជាពលរដ្ឋដែលនិយមលេងបណ្ដាញសង្គម បញ្ចប់ការវែកញែកចំពោះករណី លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ជាមួយនគរបាលចរាចរណ៍ ព្រោះសម្ដេចបានមើលឃើញថារឿងនេះមិនចំណេញ ហើយខាតទាំងសង្ខាង។

តាមរយៈការបង្ហោះនៅលើផេកផ្លូវការនាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ សម្ដេចតេជោមានប្រសាសន៍ដូច្នេះថា៖ « ករណីបណ្ឌិត សុខ ទូច ជាមួយនគរបាលចរាចរណ៍បានក្លាយជាអាជីវកម្មដោយមិនដឹងខ្លួន។ អ្នកមិនចូលចិត្តបណ្ឌិត សុខ ទូច បាន ថែមអំបឹលប្រហុកដើម្បីទាញទម្លាក់បណ្ឌិត សុខ ទូច។ ឯអ្នកមិនចូលចិត្តនគរបាលចរាចរណ៍ក៏ប្រឹង ថែមទឹកត្រីនិងបុីចេងដើម្បីវាយប្រហារនគរបាលចរាចរណ៍។ តើអ្នកណាជាអ្នកទទួលផលចំណេញ លើហេតុការណ៍នេះ? គ្មានអ្នកណាចំណេញនោះឡើយតែផ្ទុយទៅវិញ
គឺខាតទាំងអស់គ្នា។ ខ្ញុំសូមបងប្អូនជនរួមជាតិក៏ដូចជាអ្នក ពាក់ពន្ធ័សូមបញ្ចប់រឿងនេះត្រឹមនេះ តាមរបៀបឈ្នះ ឈ្នះនិងសហការគ្នា
បន្តការងាររៀងៗខ្លួន។ សង្ឃឹមថាអ្នកថែមអំបិលប្រហុកទឹកត្រី បុីចេងបញ្ឈប់ថែមសាំងចាក់លើភ្លើង រាប់ទាំងអ្នកផ្តល់សារមកខ្ញុំវាយប្រហារ ម្ខាងៗ។បើលុបសារនោះចោលខ្លួនឯង ជាការល្អព្រោះខ្ញុំបានមើលរួចហើយ »៕


ប្រភព៖ ផេកផ្លូវការសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា