ទ័ពអាកាសអាមេរិកធ្វើតេស្ត៍ជោគជ័យក្នុងសាកល្បងបាញ់កំទេចគ្រាប់មីស៊ីល ដោយប្រើកាំរស្មីឡាស៊ែរ
- May 7, 2019
កាលពីពេលថ្មីៗនេះ កងទ័ពអាកាសរបស់សហរដ្ឋអាមេរិក (US Air Force) បានធ្វើតេស្ត៍សាកល្បងអាវុធថ្មីមួយ សម្រាប់ធ្វើការបាញ់កំទេចគ្រាប់មីស៊ីល ប្រកបដោយជោគជ័យ។ ការធ្វើតេស្ត៍សាកល្បងនេះត្រូវបានធ្វើឡើងនៅទីលានសម្រាប់ធ្វើសមយុទ្ធ White Sands Missile Range និងមានការសាកល្បងទៅលើគ្រាប់មីស៊ីលជាច្រើនប្រភេទ។ បើយោងសារព័ត៌មាន ENGADGET បានបញ្ជាក់ថា អាវុធថ្មីរបស់អាមេរិកមានឈ្មោះ Self-Protect High Energy Laser Demonstrator (SHiELD) ជាប្រភេទកាំរស្មីដ៏មានថាមពលម៉្យាង ដើម្បីបាញ់កម្ទេចគ្រាប់មីស៊ីលមុននឹងពួកហោះមកដល់គោលដៅដែលគេបានកំណត់។

សម្រាប់ពេលបច្ចុប្បន្ននេះ អាវុធ SHiELD គឺជាអាវុធការពារខ្លួន ដែលបំពាក់នៅលើគោកប៉ុណ្ណោះ នៅថ្ងៃអនាគតអាវុធមួយនេះនឹងត្រូវគេអភិវឌ្ឍន៍ឲ្យអាចបំលាស់ទីបាន និងអាចបំពាក់នៅលើយន្តហោះចំបាំងផងដែរ។ យ៉ាងណាក្តី ប្រភពដដែលនេះបានបន្តថា ថ្បិតការធ្វើតេស្តិ៍សាកល្បងប្រកបដោយភាពជោគជ័យមែន តែការដាក់ឲ្យប្រើប្រាស់ជាផ្លូវការអាចនឹងធ្វើឡើងនៅឆ្នាំក្រោយ ឬរហូតដល់ឆ្នាំ ២០២១ ក្នុងករណីចាំបាច់។ គេសង្ឃឹមថា អាវុធចម្បាំងស៊េរីថ្មីនេះនឹងជួយបន្ថែមឥទ្ធិពលដល់វិស័យយោធាអាមេរិកឲ្យកាន់តែមានភាពខ្លាំងក្លាថែមមួយកម្រិតទៀត៕

អត្ថបទ៖ ភក្តី
ប្រភព៖ engadget
- Share This Post:






