ព័ត៌មានជាតិ

ផ្លូវជាតិលេខ៥៥ ជាផ្លូវទេសចរណ៍ធម្មជាតិដ៏ស្រស់ស្អាត សម្រួលដល់ការដឹកជញ្ជូនកសិផល និងផលិតផលពីក្នុងតំបន់ ទៅកាន់ទីផ្សារក្នុង និងក្រៅប្រទេស

BY
soknita
February 24, 2025

(ខេត្តពោធិ៍សាត់)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២២០៥ នេះ បានឱ្យដឹងថា ផ្លូវជាតិលេខ៥៥ ជាផ្លូវឡើងចុះភ្នំ បត់បែន អមដោយធម្មជាតិបៃតង ព្រៃឈើ ជួរភ្នំ ទឹកជ្រោះ វាលស្រែគួរឱ្យគយគន់។

ផ្លូវជាតិនេះ មានប្រវែងសរុប ១៨៩,១៦គីឡូម៉ែត្រ ចាប់ពីខេត្តពោធិ៍សាត់ (ផ្លូវជាតិលេខ ៥ គីឡូម៉ែត្រលេខ ១៩១) ទៅដល់វាលវែង-ថ្មដា (ព្រំដែនកម្ពុជា-ថៃ) ដែលបើកការដ្ឋានសាងសង់នាថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៥ និងបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា។

ក្រោមការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ផ្លូវនេះ ជាប្រភេទផ្លូវDBST ដែលតភ្ជាប់ចាប់ពីផ្លូវប្រសព្វផ្លូវជាតិលេខ៥ ត្រង់ចំណុចគីឡូម៉ែត្រ ១៩១+១៥០រហូតដល់ភ្នំក្រវាញ-ស្រុកវាលវែង-ថ្មដាខេត្តពោធិ៍សាត់ (ព្រំដែនកម្ពុជា-ថៃ ខេត្តត្រាត)។ ការសាងសង់ផ្លូវនេះ បានធ្វើឡើងក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: