ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តសៀមរាប រៀបចំកិច្ចប្រជុំអំពីព្រឹត្តិការណ៍អង្គរសង្ក្រាន្តសម្រាប់ឆ្នាំ ២០២៥ ខាងមុខនេះ ជាមួយម្ចាស់សណ្ឋាគារ រមណីយដ្ឋាន សមាគមន៍មគ្គុទ្ទេស និងក្រុមអ្នកផលិតមាតិកាវីដេអូ

    BY soknita February 25, 2025
    រដ្ឋបាលខេត្តសៀមរាប រៀបចំកិច្ចប្រជុំអំពីព្រឹត្តិការណ៍អង្គរសង្ក្រាន្តសម្រាប់ឆ្នាំ ២០២៥ ខាងមុខនេះ ជាមួយម្ចាស់សណ្ឋាគារ រមណីយដ្ឋាន សមាគមន៍មគ្គុទ្ទេស និងក្រុមអ្នកផលិតមាតិកាវីដេអូ

    (ខេត្តសៀមរាប)៖ នៅព្រឹកថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា រដ្ឋបាលខេត្តសៀមរាប បានរៀបចំកិច្ចជំនួបពិភាក្សា និងការផ្សព្វផ្សាយអំពីព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០២៥ ជាមួយវិស័យឯកជនក្នុងខេត្ត និងក្រុមផលិតមាតិកា។

    តាមការបញ្ជាក់របស់ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា កាលរសៀលថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៥ រដ្ឋបាលខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំរៀបចំការផ្សព្វផ្សាយអំពីព្រឹត្តិការណ៍អង្គរសង្ក្រាន្តជាមួយម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ម៉ាស្សា និងស្ប៉ា រមណីយដ្ឋាន សមាគមន៍មគ្គុទ្ទេសក៍ សហគមន៍ទេសចរណ៍ ក្រុមការងារ KiloTravel និងក្រុមអ្នកផលិតមាតិកាវីដេអូ ដើម្បីពិភាក្សា រៀបចំវីដេអូផ្សព្វផ្សាយ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០២៥ ខាងមុខនេះ ដឹកនាំដោយ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត និង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ដោយមានការចូលរួមពីលោកនាយករងរដ្ឋបាលសាលាខេត្ត តំណាងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប លោកតំណាងមន្ទីរទេសចរណ៍ខេត្ត លោកប្រធានមន្ទីរព័ត៌មានខេត្តស្តីទី នាយកទីចាត់ការអន្តរវិស័យ នាយករងទីចាត់ការទំនាក់ទំនង និងសហប្រតិបត្តិការអន្តរជាតិ និងក្រុមការងារជំនាញ។

    នៅក្នុងកិច្ចប្រជុំរៀបចំផ្សព្វផ្សាយអំពីព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០២៥ នេះដែរ ក្រុមការងារបានធ្វើបទបង្ហាញ ស្តីពីការងារផ្សព្វផ្សាយទេសចរណ៍ និងការផលិតមាតិកា ដោយក្រុមការងារ KiloTravel និងបទបង្ហាញពីការរៀបចំអង្គរសង្ក្រាន្ត ដោយតំណាងសហភាពសហព័ន្ធយុវជនកម្ពុជា ដែលគ្រោងនឹងរៀបចំ ២ទីតាំង ទីតាំងទីមួយរៀបចំនៅប្រាសាទអង្គរវត្ត និងទីតាំងទីពីររៀបចំនៅសួនក្នុងក្រុងសៀមរាប ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី ១៤-១៦ ខែមេសា ឆ្នាំ ២០២៥ ខាងមុខនេះ។ បន្ទាប់ពីធ្វើបទបង្ហាញរួចរាល់ លោកអភិបាលរងខេត្ត ក៏បានស្នើដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ក៏ដូចជាភោជនីយដ្ឋាន សូមកុំតម្លើងថ្លៃនៅពេលដែលសៀមរាបរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តខាងមុខនេះ និងសូមឱ្យរមណីយដ្ឋាន ព្រមទាំងសហគមន៍ទេសចរណ៍ អេកូទេសចរណ៍ ត្រូវរៀបចំកន្លែងឱ្យមានអនាម័យ និងមានសោភណភាពស្អាត ដើម្បីបម្រើដល់ភ្ញៀវទេចរណ៍ជាតិ និងអន្តរជាតិ ដែលមកទស្សនាខេត្តសៀមរាប។

    លោកអភិបាលរងខេត្ត ក៏បានបន្តទៀតថា ខេត្តសៀមរាប ជាតំបន់ទេសចរណ៍ ដែលប្រមូលផ្តុំទៅដោយភ្ញៀវទេសចរគ្រប់ជាតិសាសន៍ ចូលមកទស្សនាកម្សាន្ត។ វប្បធម៌ក្នុងស្រុកមានភាពស្វាហាប់ និងសម្បូរបែប ជាមួយនឹងការសម្ដែងរបាំប្រពៃណី ទីផ្សារដ៏មមាញឹក និងសិប្បកម្មក្នុងស្រុកពិតប្រាកដ ដែលផ្តល់នូវការយល់ដឹងដ៏គួរឱ្យចាប់អារម្មណ៍ដល់ជីវិតប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ ហើយលោកក៏បានផ្តាំផ្ញើទៅដល់ក្រុមអ្នកផលិតមាតិការវីដេអូ ក្នុងខេត្តទាំងអស់ឱ្យជួយរៀបចំផលិតវីដេអូថ្មីៗ ដើម្បីផ្សព្វផ្សាយព័ត៌មាននេះឱ្យបានទូលំទូលាយ ព្រមទាំងលើកស្ទួយដល់ខេត្តសៀមរាប ក៏ដូចជាវិស័យទេសចរណ៍ក្នុងខេត្ត ឱ្យមានភ្ញៀវមកចូលរួម និងទស្សនាខេត្តសៀមរាប ឱ្យច្រើនកុះករ នាថ្ងៃរៀបចំព្រឹត្តការណ៍អង្គរសង្ក្រាន្តនាពេលខាងមុខនេះ៕

    ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

    Share This Post:
    MPO4D jitutoto mpo4d Mpoplay