ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងអប់រំ ប្រកាសទទួលស្គាល់សាលារៀនចំនួន ១៤៤ ជាប់ជាសាលារៀនស្តង់ដាគំរូ

    BY soknita February 25, 2025
    ក្រសួងអប់រំ ប្រកាសទទួលស្គាល់សាលារៀនចំនួន ១៤៤ ជាប់ជាសាលារៀនស្តង់ដាគំរូ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសទទួលស្គាល់សាលារៀនចំនួន ១៤៤ ជាប់ស្តង់ដាសាលារៀនគំរូ ដែលក្នុងចំណោមនេះរួមមាន សាលាមត្តេយ្យសិក្សា ២៤ សាលាបឋមសិក្សា៥០ អនុវិទ្យាល័យ៥ វិទ្យាល័យ៦០ និងសាលាគរុកោសល្យ ៥។ ក្នុងការប្រកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានលើកចិត្តឱ្យសាលារៀនទាំង ១៤៤ និងសាលារៀនដទៃទៀត បន្តធ្វើការកែលម្អ និងអនុវត្តឱ្យបានពេញលេញនូវស្តង់ដាសាលារៀនគំរូ នៅឆ្នាំបន្តបន្ទាប់ទៀត។

    បញ្ជាក់ក្នុងពិធីបើកសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៣-២០២៤ និងលើកទិសដៅការងារ ឆ្នាំសិក្សា២០២៤-២០២៥ ក្រោមប្រធានបទ “អភិវឌ្ឍមូលធនមនុស្សឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០” កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក៏បានលើកទឹកចិត្តឱ្យសាលារៀនគំរូទាំងអស់ និងក៏ដូចជា សាលារៀនដទៃទៀត បន្តកែលម្អ និងអនុវត្តឱ្យបានពេញលេញនូវស្ដង់ដាសាលារៀនគំរូបន្ថែមទៀត។ សិស្សសាលារៀនគំរូ នាកន្លងមកដែលសម្រេចតាមចំណុចគោលដៅ និងភាគរយសិស្សថ្នាក់ទី១២ ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បាននិទ្ទេស A, B, C មាន២៥,៧ ភាគរយ។

    ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងបានជំរុញដល់ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធទាំងអស់ ចំពោះការខិតខំប្រឹងប្រែងចូលរួមចំណែកលើកកម្ពស់វិស័យអប់រំ និងការបន្តអនុវត្តកំណែទម្រង់វិស័យអប់រំនៅកម្ពុជាឱ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

    សូមបញ្ជាក់ថា ក្រសួងអប់រំបានដាក់បញ្ចូលវិធានការមួយចំនួនសំដៅធ្វើយ៉ាងណា ក្នុងគោលដៅពង្រឹងគុណភាពគ្រឹះស្ថានសិក្សារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់មធ្យមសិក្សា។ ជាមួយគ្នានោះ ដើម្បីអភិវឌ្ឍសាលារៀនគំរូ ក្រសួងអប់រំបានកំណត់ជា៥ស្តង់ដា រួមមាន៖ ១) លទ្ធផលសិក្សារបស់សិស្ស ២) ការបង្រៀន និងរៀន ៣) ការចូលរួមរបស់សហគមន៍ ៤) ដំណើរប្រតិបត្តិការ និងរដ្ឋបាលសាលារៀន និង៥) គណនេយ្យភាពរបស់សាលារៀន៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay