កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ អំពាវនាវ ដល់សាធារណៈជន ឬបេក្ខជន សហការផ្តល់ព័ត៌មានជាបន្ទាន់ក្នុងករណីមានបុគ្គលរូបណាទារលុយ ឬតម្រូវឱ្យបង់ប្រាក់ជាថ្នូរនិងការចូលក្របខណ្ឌ
យោងតាមការចុះផ្សាយរបស់ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ អំពាវនាវ ដល់សាធារណៈជន ឬបេក្ខជន ធ្វើការសហការផ្តល់ព័ត៌មានជាបន្ទាន់ក្នុងករណីមាន បុគ្គលរូបណាទារលុយ ឬតម្រូវឱ្យបង់ប្រាក់ជាថ្នូរនិងការចូលក្របខណ្ឌ។

នៅក្នុងសេចក្ដីជូនដំណឹងរបស់ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា គណៈកម្មការជ្រើសរើសយុវជនស្ម័គ្រចិត្តចូលបម្រើកងយោធពលខេមរភូមិន្ទបំពេញក្របខណ្ឌ ឱ្យកងទ័ពជើងគោក សូមជម្រាបជូនដំណឹងដល់សាធារណៈជន ជាពិសេស យុវជនដែលមានបំណង ចូលបម្រើការងារជា យោធិន ក្នុងក្របខ័ណ្ឌកងទ័ពជើងគោកឱ្យបានជ្រាបថា ដើម្បីផ្តល់ឱកាសប្រកប ដោយតម្លាភាព និងយុត្តិធម៌ ដល់យុវជនទូទៅក្នុងការដាក់ពាក្យ ចូលបម្រើកងយោធពលខេមរភូមិន្ទ ជាពិសេសចូលរួមទប់ស្កាត់ ក្នុងករណីមានបុគ្គលមួយចំនួនឆ្លៀតឱកាសកេងចំណេញតាមរយៈការ ធ្វើសកម្មភាពសូកប៉ាន់ផ្សេងៗ ប្រាសចាកគោលការណ៍កំណត់របស់រាជរដ្ឋាភិបាល និងក្រសួងការពារជាតិ។ គណៈកម្មការសូមអំពាវនាវ ដល់សាធារណៈជន អាណាព្យាបាល និងបេក្ខជនទាំងអស់ សហការផ្តល់ព័ត៌មានជាបន្ទាន់ក្នុង ករណីមានបុគ្គលណាទារលុយ ឬតម្រូវឱ្យបង់ប្រាក់ជាថ្នូរនិងការចែកពាក្យ ទទួលពាក្យ ដើម្បីទទួលបានក្របខណ្ឌ។
គណៈកម្មការ សូមធ្វើការបញ្ជាក់ជាថ្មីម្តងទៀតថា រាល់បុគ្គលដែលប្រព្រឹត្តខុស និងគោលការណ៍ ខាងលើនេះត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់ជាធរមាន។ ករណីមានបុគ្គលឆ្លៀតឱកាសដូចជម្រាបជូនខាងលើ សូមសាធារណៈជន អាណាព្យាបាលនិង បេក្ខជនទាំងអស់សហការផ្តល់ព័ត៌មានមកក្រុមការងារដោយផ្ទាល់តាមទូរស័ព្ទលេខ ០១២ ៣៥២ ០២០, ០៧៦ ២១៧ ៥០៩៥, ០៩៦ ៨១១ ១២០២, ០៦៦ ៥៥៦ ៦៥៦១៕
